ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

បញ្ចប់វគ្គសិក្សាភ្លាម ចិត្ត កញ្ចនា និងយុវត្តីមួយក្រុមបង្កើតស្នាដៃចម្រៀងថ្មីបានភ្លែតដោយទទួលការគាំទ្រជាខ្លាំង ! 

៣០ មីនា ២០២២ | កម្សាន្ដ

 

តារាចម្រៀង ចិត្ត កញ្ចនា និងយុវត្តីមួយក្រុមបានធ្វើឱ្យកក្រើកឆាកតន្រ្តី SOUND.WAV (សោនដត់វេវ) កាលពីពេលថ្មីៗ ដោយពួកគេបានផលិតបទចម្រៀង Original Song ដោយខ្លួនឯងផ្ទាល់ ក្រោយពីបញ្ចប់វគ្គសិក្សា ។ 


ការប្រគំតន្រ្តី SOUND.WAV (សោនដត់វេវ) បានបញ្ចប់ទៅយ៉ាងរលូន ដោយមានការចូលរួមអ្នកគាំទ្រយ៉ាង ច្រើនពីបងប្អូន ខ្មែរ និង ជនបរទេស សូម្បីតែអ្នកដឹកនាំគម្រោងនេះក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលឃើញអ្នកចូលរួមទស្សនាច្រើនកុះករបែបនេះ ។


កញ្ញា ម៉ាប់ ស្រីមុំ ដែលជាអ្នកដឹកនាំគម្រោង .WAV (ដត់វេវ) បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា កញ្ញាពិតជាសប្បាយរីករាយខ្លាំងណាស់នៅពេលឃើញប្អូនៗជំនាន់ក្រោយមានស្នាដៃល្អ ដែលអាច និពន្ធ និង ធ្វើបទចម្រៀងដោយខ្លួនឯងបានដោយមិនចម្លងពីគេ។ ជាក់ស្តែងការប្រគំតន្រ្តីនេះគឺបង្ហាញពីស្នាដៃរបស់ពួកគេ ក្រោយពីបញ្ចប់វគ្គសិក្សាតាមជំនាញដែលពួកគេបានរៀន ។

 


ដោយឡែកតារាចម្រៀង Original Song ចិត្ត កញ្ចនា វិញ ក៏មានវត្តមាននៅក្នុងការប្រគំតន្រ្តី SOUND.WAV (សោនដត់វេវ) ផងដែរ កញ្ញាថែមទាំងបានច្រៀងចម្រៀងជាមួយុវត្តីចំនួន ២ រូបដែលលេចធ្លោជាងគេ ។ កញ្ញា ចិត្ត កញ្ចនា ថែមទាំងបានលាន់មាត់សរសើរពីស្នាដៃយុវត្តីទាំងអស់ដែលបានមានបញ្ចប់វគ្គសិក្សានោះ ។ 

 


ក្រៅពីបង្ហាញខ្លួននៅលើឆាកចម្រៀង កញ្ញា ចិត្ត កញ្ចនា ថែមទាំងបានថត MV ចម្រៀងដែលមានចំណងជើងថា « សុបិន » ជាមួយយុវត្តី នរាហ៍ និង យុវត្តី ធារី ដោយ MV ចម្រៀងនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារ MV ចម្រៀងនេះមានការខុសប្លែកពីគេ ទាំងបទចម្រៀង ទាំងការដឹកនាំសម្តែង និងបច្ចេកទេសថត  ។

 


ចំណែកយុវត្តី នឿន ស្រីពេជ្រ វិញ ក៏ធ្លាប់ចូលរួមប្រកួតក្នុងការប្រលងចម្រៀងល្បីមួយផងដែរ ប៉ុន្តែដោយសារខ្លួននៅក្មេងវ័យ មិនមានបទពិសោធខាងផ្នែកចម្រៀង នាងមិនទទួលបានចំណាត់ថ្នាក់ណាមួយឡើយ តែការបរាជ័យនោះមិនបានធ្វើឱ្យយុវត្តី នឿន ស្រីពេជ្រ អស់សង្ឃឹមឡើយ ផ្ទុយទៅវិញនាង បានចូលរៀនវគ្គបណ្តុះបណ្តាលចម្រៀង វគ្គខ្លីមួយពីគម្រោង .WAV (ដត់វេវ) រហូតអាចនិពន្ធ និង ធ្វើបទចម្រៀងថ្មីរួមជាមួយមិត្តភក្តិបានយ៉ាងល្អ ។ 

 


គួររំលឹកផងដែរថាយុវត្តី នឿន ស្រីពេជ្រ ត្រូវបានទស្សនិកជនស្គាល់តាមរយៈការច្រៀង Cover បទចម្រៀងបរទេស ពីព្រោះនាងមានទឹកដមសម្លេងល្អមិនចាញ់តារាចម្រៀង Original Song មួយចំនួនឡើយ ទៅថ្ងៃអនាគតនាងសង្ឃឹមថា នាងអាចនឹងឈរនៅលើឆាកតន្រ្តីធំៗមិនចាញ់តារារាមច្បងឡើយ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025