ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

អគ្គស្នងការនគរបាលជាតិ ជំរុញអោយទប់ស្កាត់ការនាំពលករឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀង

០៥ មិថុនា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី០៤ ខែមិថុនា នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តបន្ត ។ កិច្ចប្រជុំនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញអោយនាយកដ្ឋាន អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវធ្វើការទប់ស្កាត់ការនាំពលករឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀង។

 


បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនិងជា អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តបន្ត នៅព្រឹកថ្ងៃទី០៤ ខែមិថុនានេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញអោយនាយកដ្ឋាន អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវធ្វើការទប់ស្កាត់ការនាំពលករឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀង។

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្រៅពីការជំរុញការងារទប់ស្កាត់ការនាំពលករឆ្លងដែនខុសច្បាប់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏មានការលើកទឹកចិត្តអោយមានការបង្កបង្កើនផលនៅនឹងកន្លែង ដើម្បីលើកកម្ពស់ជីវភាពកងកម្លាំងតាមវរសេនាតូចនគរបាលការពារព្រំដែនតាមលទ្ធភាពជាក់ស្តែង។


គួរបញ្ជាក់ថា  ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសជិតខាង ខណៈពេលដែលប្រទេសជិតខាងទាំងនោះកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នោះ កាលពីថ្ងៃទី១៣ ខែឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអភិបាលខេត្តជាប់ព្រំដែន ត្រូវធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀង។

 

 


បើតាមរដ្ឋក្រសួងមហាផ្ទៃវិធានការនេះធ្វើ ឡើងដើម្បីបង្ការការរីករាលនៃជំងឺកូវីដ១៩ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ខណៈប្រទេសជិតខាងកំពុងដាក់ប្រទេសក្នុងភាពអាសន្នដោយសារជំងឺនេះ៕


អត្ថបទ៖ សន រដ្ឋា    រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024