ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

សម្ដេចក្រឡាហោម បង្ហើបពីលទ្ធភាពបង្កើតច្បាប់ ស្ដីពី អន្តោប្រវេស៍ថ្មី

១៨ មិថុនា ២០២០ | ព័ត៌មានជាតិ

កម្ពុជាទំនងជានឹងបង្កើតច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មី។ នេះបើតាមសម្ដេចក្រឡាហោម ស ខេង ឧបយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស កាលពីព្រឹកថ្ងៃពុធ។ ការប្រកាសនេះបានធ្វើឡើង ខណៈក្រសួងពាក់ព័ន្ធ កំពុងសិក្សាអំពីការវិសោធនកម្មច្បាប់ ស្ដីពី អន្តោប្រវេសន៍ដែលបង្កើតឡើង កាលពីឆ្នាំ១៩៩៤។

 


ថ្លែងក្នុងកិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃពុធនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លៀតបង្ហើបពីលទ្ធភាពឈានទៅបង្កើតច្បាប់ស្ដីអន្តោប្រវេសន៍ថ្មីតែម្ដង បន្ទាប់ពីច្បាប់ចាស់ដែលមានអាយុកាលជិត៣០ឆ្នាំទៅហើយនោះ ត្រូវបានក្រុមការងារអន្តរក្រសួងបើកិច្ចប្រជុំប្រជាច្រើនលើកច្រើនសារដើម្បីពិនិត្យលទ្ធភាពធ្វើវិសោធនកម្ម។


បើតាមសម្ដេចក្រឡាហោម ការបង្កើតច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីតែម្ដងនេះ គឺមិនមែនជារឿងអ្វីចម្លែកនោះទេ ពីព្រោះកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់ស្ដីពីសញ្ជាតិជាថ្មីឡើងវិញដែរ បន្ទាប់ពីការសិក្សាបង្ហាញថាច្បាប់នេះត្រូវវិសោធនកម្មស្ទើតែគ្រប់មាត្រាទៅហើយនោះ។ 

 


សូមបញ្ជាក់ថាច្បាប់ស្ដីពីអន្តោប្រវេសន៍ មាន៧ជំពូក និង៤១ហិកតា ហើយត្រូវបានរដ្ឋសភាកម្ពុជាអនុម័តកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤។ ទោះបីជាកម្ពុជាមានច្បាប់នេះតាំងពីនោះមកក៏ដោយ បញ្ហាអន្តោប្រវេសន៍បានក្លាយជាប្រធានក្ដៅនៅក្នុងសមរភូមិតតាំងនយោបាយប្រជែងការបោះឆ្នោតនៅស្ទើរតែគ្រប់អាណត្តិ។ 


កាលពីចុងឆ្នាំ២០១៨ កម្ពុជាបានចាប់ផ្ដើមធ្វើជំរឿនជនអន្តោប្រវេសន៍ទូទាំងប្រទេស ហើយជាលទ្ធផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសរកឃើញជនអន្តោប្រវេសន៍កំពុងរស់នៅកម្ពុជាសរុបជិត២០ម៉ឺននាក់ មាន១១សញ្ជាតិ និងបានដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដូចជាអត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារជាដើម ពីជនអន្តោប្រវេសន៍ជាង៧ម៉ឺន៣ពាន់នាក់៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024