ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

អ្នកនាំពាក្យ៖ ពលករខ្មែរនៅកូរ៉េ អាចប្រឈមនឹងការលុបទិដ្ឋាការ បើមកកម្ពុជានាពេលនេះ

២៨ មេសា ២០២០ | ព័ត៌មានជាតិ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្ដម ហេង សួរ បានទទូចដោយសូមអោយបងប្អូនពលករនៅកូរ៉េ កុំទាន់អាលមកលេងខ្មែរ ព្រោះថា បើមកត្រូវដាក់ដោយឡែក១៤ថ្ងៃ ហើយពេលត្រឡប់ទៅប្រទេសកូរ៉េវិញគេឃាត់ទុកដោយឡែករយៈពេល១៤ថ្ងៃបន្ថែមទៀត ហើយអាចត្រូវគេលុបទិដ្ឋាការចោលទៀតផង។

 

 

ការលើកឡើងយ៉ាងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់ខាងលើ បន្ទាប់ពីកាលពីថ្ងៃទី ២៧ ខែមេសាកន្លងទៅ មានពលករខ្មែរធ្វើការងារនៅប្រទេសកូរ៉េចំនួន ៥នាក់ដែលទើបមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយត្រឡប់ទៅវិញត្រូវបានជាប់គាំងនៅព្រលានយន្ដហោះ ដោយសារតែថៅកែរោងចក្រមិនទាន់អនុញ្ញារឱ្យចូលធ្វើការ ហើយតម្រូវឲ្យដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃជាមុនសិន។

 

បើតាមអ្នកនាំពាក្យក្រសួងការងារបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ មានពលករខ្មែរដែលកំពុងធ្វើការងារក្រៅប្រទេសជាង១លាននាក់ នៅពុំមានទាន់មានអ្នកឆ្លងជំងឺកូវីដ ១៩ នៅឡើយទេ។ តាមរបាយការណ៍ក្រសួងការងារកន្លងមក ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសកូរ៉េមានចំនួនប្រមាណជា៦ម៉ឺននាក់។

 

 

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញ បានសម្រេចអោយពលករខ្មែរជាង២០០នាក់នៅប្រទេសម៉ាឡេស៊ីអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែត្រូវទុកពេលវេលាអោយខាងអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថាពួកគេគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩ ។ ប្រសិនបើគ្មានជំងឺឆ្លងកូវីដ-១៩ទេ ពលករខ្មែរទាំងនោះអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើពលរដ្ឋខ្មែរណាម្នាក់ គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិន រហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ៕
 

អត្ថបទ៖ សំ ជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024