ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ការនាំចេញរបស់ប្រទេសថៃ ធ្លាក់ចុះខ្លាំងក្នុងខែមីនា

០៧ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

ការនាំចេញរបស់ប្រទេសថៃ សម្រេចបានជាទឹកប្រាក់ ២៥ពាន់លានដុល្លារអាមេរិក ក្នុងខែមីនាបានធ្លាក់ចុះជិត ១១% ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៨ខែចុងក្រោយនេះ ទាញចុះដោយវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 

 

បើតាម អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការនាំចេញក្នុងខែមីនា បានធ្លាក់ចុះមកនៅត្រឹម ២៥ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ៥% ដល់ ២៦ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ១ពាន់លានដុល្លារ។

 


បើគិតនៅក្នុងត្រីមាសទី ១ ការនាំចេញបានធ្លាក់ចុះ 0,2% មកនៅត្រឹម ៧១ពាន់លានដុល្លារ ខណៈការនាំចូលកើនឡើង ៣% ដល់ ៧៥ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្ម ៤ពាន់លានដុល្លារ។

 


ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មបានធ្លាក់ចុះ ៥% មកនៅត្រឹម ៤ពាន់ ២រយលានដុល្លារអាមេរិក។ផលិតផលដែលមានកំណើនល្អ រួមមានអង្ករ កៅស៊ូ អាហារសមុទ្រកំប៉ុង និងកែច្នៃ ចំណីសត្វ ផ្លែឈើកំប៉ុងនិងកែច្នៃ ទឹកជ្រលក់ និងទឹកដោះគោ និងផលិតផលទឹកដោះគោ។

 


ផ្ទុយទៅវិញ ការនាំចេញផលិតផលមួយចំនួនមានការថយចុះ រួមមានផលិតផលដំឡូងមី ខ្លាញ់សត្វ និងបន្លែ និងប្រេង ស្ករ រួមជាមួយនឹងផ្លែឈើស្រស់និងស្ងួតជាដើម។សូមជម្រាបថា អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ ព្យាករថា ការនាំចេញត្រូវបានគេរំពឹងថានឹងកើនឡើង ២% នៅឆ្នាំ ២០២៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024