ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មី

០៣ កញ្ញា ២០២០ | ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញានេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មី។ កិច្ចប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃនេះ បានប្រារព្ធឡើង ក្រោមអធីបតីភាពឯកឧត្តម អង្គវង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិកសមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

 


ក្នុងកិច្ចប្រជុំ ឯកឧត្តម អង្គវង្ស វឌ្ឍនា បានលើកឡើងថា កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោយពីឯកឧត្តម បានទទួលសំណើសុំឲ្យផ្ដល់ជាជំនួយ ក្នុងការរៀបចំ ពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មី។ កន្លងមក ក្រុមការងារពាក់ព័ន្ធ បានប្រជុំជាបន្តបន្ទាប់ និងរៀបចំជាទិសដៅឡើងវិញ ប៉ុន្តែនៅមានចំណុចខ្លះ មិនទាន់មានការកែសម្រួលបានគ្រប់ជ្រុងជ្រោយនៅឡើយ។ 


ឯកឧត្តម បានស្នើឲ្យស្ថាប័ននានា ដែលចូលរួមក្នុងកិច្ចប្រជុំនេះ ផ្ដល់ជាយោបល់ ក៏ដូចជាធាតុចូលបន្ថែម សម្រាប់ពិភាក្សាពិស្ដារលើជំពូកនីមួយៗនៃសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនេះ។

 


ក្នុងកិច្ចប្រជុំ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានលើកឡើងថា ដើម្បីធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មីនេះ ក្រសួងមហាផ្ទៃ បានរៀបចំក្រុមការងារមួយ ដើម្បីធ្វើការរួមគ្នា ក្នុងការកែលម្អលើច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយយកច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ ដែលប្រទេសកម្ពុជា យកមកអនុវត្តរហូតមក ធ្វើជាមូលដ្ឋានក្នុងការរៀបចំធ្វើច្បាប់ថ្មីនេះ។ 

 


ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំអន្តរក្រសួងលើសេចក្ដីព្រាងច្បាប់នេះ មានលក្ខណៈចាំបាច់ ដើម្បីពិភាក្សាលើច្បាប់នេះ ឲ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈកាន់តែប្រសើរ។


សូមជម្រាបថា សេចក្តីព្រាងច្បាប់ ស្តីពី អន្តោប្រវេសន៍ មានគោលបំណងគ្រប់គ្រង និងអនុវត្តចំពោះជនបរទេសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្ត ចំពោះជនបរទេស ដែលចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងប្រទេសកម្ពុជា៕ 

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មានរបស់ក្រសួងមហាផ្ទៃ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024