ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធរ កាន់តែបង្កើនការទប់ស្កាត់ពលរដ្ឋលួចឆ្លងដែន ក្រោយពីថៃបន្ធូរបន្ថយវិធានការ

១៩ ឧសភា ២០២០ | ព័ត៌មានជាតិ

អាជ្ញាធរខេត្តជាប់ព្រំដែន ពិសេសព្រំដែនកម្ពុជាថៃ ដែលកំពុងអនុវត្តបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ឱ្យបានពលរដ្ឋដែលត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់តាមច្រករបៀងនានានោះ កាន់តែបង្កើនការយកចិត្តទុកដាក់មួយទ្វេជាពីរ បន្ទាប់ពីកាលពីថ្ងៃម្សិលមិញរដ្ឋាភិបាលថៃបានសម្រេចបន្ធូរបន្ថយវិធានការរឹបន្តឹង។ នេះបើតាមឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

 


រដ្ឋាភិបាលថៃបានសម្រេចបន្ធូរបន្ថយវិធានការរបស់ខ្លួន ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឡើងវិញ និងក៏ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញដែរ បន្ទាប់ពីប្រទេសក្បែរខាងកម្ពុជាមួយនេះរងគ្រោះខ្លាំងសមគួរពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ប៉ុន្តែយ៉ាងណាក៏ដោយ ដំណឹងនេះអាចធ្វើឱ្យពលរដ្ឋខ្មែរ ពិសេសពលករប្រមាណ៨ម៉ឺន៥ពាន់នាក់ដែលមិនអាចវិលត្រឡប់ទៅប្រទេសថៃវិញនោះ អាចនឹងរកវិធីវិលត្រឡប់ទៅវិញ។


ថ្លែងប្រាប់ PNN នៅថ្ងៃចន្ទនេះ ឯកឧត្តម ខៀវ សុភ័គ បានផ្ដែផ្ដាំទៅកាន់ពលរដ្ឋខ្មែរ ពិសេសក្រុមពលករជាង៨ម៉ឺននាក់ដែលវិលមកកម្ពុជាមុនពិធីបុណ្យចូលឆ្នាំនោះ សូមបន្តរក្សាភាពអត់ធ្មត់ និងសម្របខ្លួនឱ្យបានទៅនឹងស្ថានភាពជាក់ស្ដែងដើម្បីចៀសផុតពីហានីភ័យនៃជំងឺកូវីដ១៩ និងបញ្ហាផ្លូវច្បាប់ ពោលគឺកុំព្យាយាមឆ្លងដែនដោយខ្លួនឯង ឬជាមួយក្រុមមេខ្យល់ចូលទៅប្រទេសថៃសោះ ដ្បិតអីបងប្អូននឹងមិនអាចឆ្លងផុតពីអាជ្ញាធរព្រំដែនកម្ពជា និងថៃបានឡើយ។

 


សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអភិបាលខេត្តជាប់ព្រំដែនត្រូវសហការគ្នាទប់ស្កាត់ឱ្យបានការលួចឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងនានារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងត្រូវស្រាវជ្រាវតាមចាប់ខ្លួនក្រុមមេខ្យល់នាំពលរដ្ឋឆ្លងដែនយកមកផ្ដន្ទាទោសឱ្យបាន។ ជាវិធានការដើម្បីទប់ស្កាត់ហានីភ័យនៃការឆ្លងជំងឺកូវីដ១៩ និងការប្រឈមុខផ្លូវច្បាប់។


យ៉ាងណាក៏ដោយ នៅប្រមាណពីរសប្ដាហ៍ចុងក្រោយនេះ មានពលរដ្ឋខ្មែរជាបន្តបន្ទាប់ត្រូវដែលភាគច្រើនគឺជាក្រុមៗមានគ្នាពី៣០ទៅជិត១០០នាក់ ត្រូវបានអាជ្ញាធរខ្មែរទប់ស្កាត់ជាប់មិនឱ្យឆ្លងដែនចូលប្រទេសថៃ ហើយភាគីថៃក៏បានចាប់ខ្លួនបញ្ជូនមកអាជ្ញាធរខ្មែរវិញ ក្រោមបន្ទាប់តាមដានសុខភាពតាំងពីព្រំដែនរហូតដល់ពេលដឹកជញ្ជូនទៅដល់ស្រុកកំណើតវិញ។ នេះបើតាមការចេញផ្សាយនៅលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។


កាលពីថ្ងៃម្សិលមិញ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការប្រមាណ១លាន២សែននាក់ អំពីការបន្ធូរបន្ថយវិធានការរឹតបន្តឹង និងផ្លាស់ប្ដូរពេលវេលាបម្រាមគោចរទូទាំងប្រទេស។ ទាំងអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានទទូចឱ្យប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃបន្តគោរពតាមវិធានការរដ្ឋាភិបាលថៃ ខណៈពលរដ្ឋនៅក្នុងស្រុក ពិសេសក្រុមពលករដែលមិនអាចវិលទៅវិញនោះ សូមចងចាំថាស្ថានភាពពលេនេះ គ្មានទីណាល្អជាស្រុកកំណើតរបស់យើងទេ៕


អត្ថបទ៖ រ៉េន រតនៈ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024