ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

មហាផ្ទៃ ប្ដេជ្ញាគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍  ខណៈកំពុងសិក្សា ឈានទៅកែ ឬបង្កើតច្បាប់ថ្មី

១៤ កក្កដា ២០២០ | ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បានដាក់គោលដៅ បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងជនអន្តោប្រវេសន៍កម្ពុជាឱ្យបានកាន់តែល្អ ដើម្បីធានាការពារផលប្រយោជន៍ជាតិ។ នេះបើតាមសេចក្ដីជូនដំណឹង ចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ។ ជាការកត់សំគាល់ សេចក្ដីជូនដំណឹងនេះ ត្រូវបានក្រសួងមហាផ្ទៃ ផ្សព្វផ្សាយនៅក្នុងពេលដែលស្ថាប័នមួយនេះ កំពុងដឹកនាំស្ថាប័នអន្តរក្រសួងពិនិត្យលទ្ធភាព ឈានទៅធ្វើវិសោធនកម្ម ឬបង្កើតច្បាប់ ស្ដីពី អន្តោប្រវេសន៍។

 


ក្នុងសេចក្ដីជូនដំណឹង ២ទំព័រនោះ ក្រសួងមហាផ្ទៃបានប្រកាសបន្តយកចិត្តទុកដាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញក្រោមឱវាទ ខិតខំគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឱ្យបានម៉ត់ចត់ និងមានវិធានការបង្កា ទប់ស្កាត់ និងបណ្ដេញចេញទាន់ពេលវេលាចំពោះជនបរទេស ដែលជ្រៀតចូលខុសច្បាប់មករស់នៅក្នុងប្រទេសកម្ពុជា។


ក្រសួងបានរំលឹកអំពីលទ្ធផលនៃការធ្វើជំរឿនស្ថិតិជនអន្តោប្រវេសន៍ រហូតឈានទៅដកហូត បាននូវឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេសពីដើមឆ្នាំ២០១៧ ដល់ចុងខែមិថុនា ឆ្នាំ២០១៩ ចំនួន៣៧.៤៣៦ច្បាប់ ពីជនបរទេសចំនួនជាង២ម៉ឺនគ្រួសារ ស្មើនឹង៦៩.៩៥៧ មាន១១សញ្ជាតិ ក្នុងនោះជនវៀតណាមមានដល់ទៅ ១៩.៩៦៧គ្រួសារ ស្មើនឹងមនុស្ស៦៩.៧៨៧នាក់។

 


ជាលទ្ធផលដែលក្រសួងអះអាងថាដោយសារមិនអាចទុកឱ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងកើតចេញពីគោលការណ៍ដឹកនាំ និងការគាំទ្រពីសម្តេច ហ៊ុន សែន ប្រកបដោយការបេ្តជ្ញាចិត្ត និងមានការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ។


តាមរយៈការងារប្រកបដោយប្រសិទ្ធភាពនេះ ក្រសួងបានឱ្យដឹងថា មានជនបរទេសអន្តោប្រវេសន្តនៅទូទាំងប្រទេសបានដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្តនិងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ជិត១០ម៉ឺននាក់ ស្មើនឹង ២៨.៩៤៥ គ្រួសារ មាន១១សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៨៩.៤៧១នាក់។

 


គួរកត់តំគាល់ថាបច្ចុប្បន្ន ក្រសួងមហាផ្ទៃ កំពុងដឹកនាំក្រុមការងារអន្តរក្រសួង រួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាដើម ប្រជុំពិនិត្យសិក្សាដើម្បីឈានទៅធ្វើវិសោធនកម្មច្បាប់ស្ដីពីអន្តោប្រវេសន៍។ យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ស ខេង បាមនាប្រសាសន៍ថាប្រសិនបើបើច្បាប់នេះនឹងត្រូវធ្វើវិសោធនកម្មច្រើនមាត្រា ក្រុមការងារនឹងស្នើសុំសម្ដេចតេជោសម្រេចបង្កើតច្បាប់ថ្មី៕

អត្ថបទ៖ រ៉េន រតនៈ         រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024