ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាអស់ប្រមាណជា ៤៨០ លានដុល្លារ ទៅលើកម្មវិធីឧបត្ថម្ភសាច់ទាំង ៣

២៩ កញ្ញា ២០២១ | ព័ត៌មានជាតិ

គិតរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ប្រមាណជា ៤៨០ លានដុល្លារអាម៉េរិក ហើយទៅលើប្រជាជនរបស់របស់ខ្លួន តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ទោះយ៉ាងណា ខណៈកម្មវិធីកំពុងបន្តដំណើរការនៅឡើយនេះ ប្រសិនបើអ្នកទទួលផល មានបញ្ហាអ្វីមួយ សូមទៅឃុំ ឬសង្កាត់ ឬទាក់ទងទៅក្រុមការងារទទួលបន្ទុកដោយផ្ទាល់ក៏បាន។

 


ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណជា ៤៨០ លានដុល្លារ អាម៉េរិក នោះ ទី១ ចំណាយតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រមាណជា ៤៥៧ លានដុល្លារ , កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំក្នុងគ្រួសារក្រីក្រ ប្រមាណជាជាង ១៤ លានដុល្លារ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជំនួយសង្គមអំឡុងពេលបិទខ្ទប់ និង គ្រួសាររងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នូវទឹកប្រាក់ប្រមាណជាជិត ៨ លានដុល្លារអាម៉េរិក ។ នេះបើតាមការឱ្យដឹងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់ នូវកម្មវិធីឧបត្ថម្ភសាច់ទាំង ៣ ខាងលើនេះ ប្រាប់ PNN តាមតេឡេហ្ក្រាម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

 


ដូច្នេះឃើញថា គ្រាន់តែដើម្បីជួយដោះស្រាយបញ្ហាបណ្តោះអាសន្នរបស់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាយ៉ាងច្រើនសម្បើម ។ ក្នុងន័យនេះ លោក ឈួរ សុបញ្ញា ក៏ដូចជាឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានក្រើនរំឭកដល់អ្នកទទួលផលទាំងអស់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ៣ ខាងលើនេះ មេត្តាប្រើប្រាស់ថវិកាដែលទទួលបានពីកម្មវិធីទាំងនេះឱ្យចំគោលដៅ និង ជាប្រយោជន៍បំផុតដល់គ្រួសារ ហើយប្រសិនបើអាចយកទៅចាប់ផ្តើមមុខរបរទៀតនោះ ក៏កាន់តែប្រសើរ ពីព្រោះថវិកាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានមកដោយសារការសន្សំសំចៃទុកដាក់កន្លងមក គឺមិនមែនជាថវិកាជំនួយពីប្រទេស ឬ ស្ថាប័នណាមួយឡើយ ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលជួយនេះទៀតសោត គឺជួយតែជាបណ្តោះអាសន្ន ពេលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩ ប៉ុណ្ណោះ  មិនមែនជួយជារៀងរហូតឡើយ ។

 


ម្យ៉ាងទៀតចំពោះអ្នកទទួលផល ជាពិសេសអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តចំនួន ៨ គឺខេត្តកោះកុង កំពត ព្រះសីហនុ កែប កំពង់ស្ពឺ ព្រៃវែង ស្វារៀង និង ខេត្តមណ្ឌលគិរី ដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណក្រីក្រ នៅជុំទី១១ មេត្តាជ្រាបថា ប័ណ្ណរបស់បងប្អូន ត្រូបានធ្វើបច្ចុប្បន្នភាព ទៅជាប័ណ្ណជុំទី ១៤ ហើយ ហើយសូមជ្រាបថា បងប្អូន មិនបានជាប់ទៅវគ្គបន្ទាប់ ឬ ជុំទី១៤ ទេ ប្រសិនបើមិនត្រូវបានអាជ្ញាធរ ឬ ក្រុមការងារជូនដំណឹងដល់បងប្អូន  ដូច្នេះ បងប្អូន មិនទទួលបានប្រាក់ពីកម្មវិធីទៀតឡើយ ។ ទោះយ៉ាងណាបងប្អូននៅតែអាចដកប្រាក់របស់ខ្លួនដែលនៅសេសសល់ក្នុងគណនេយ្យរបស់បងប្អូនបាន ។

 


ករណីបងប្អូនមិនបានជាប់ទៅវគ្គបន្ទាប់ទេ ប៉ុន្តែបងប្អូនយល់ថា បងប្អូន នៅតែស្ថិតក្នុងភាពក្រីក្រនៅឡើយ បងប្អូន អាចដាក់ពាក្យស្នើសុំប័ណ្ណក្រីក្រ ឬ ប័ណ្ណសមធម៌ឡើងវិញបាននៅសាលាឃុំ ឬ សង្កាត់ ។


ក្នុងករណីបងប្អូន មានបញ្ហាអ្វីមួយ ដូចជាដកប្រាក់មិនបានជាដើម សូមទៅទំនាក់ទំនងអាជ្ញាធរឃុំ ឬ សង្កាត់ ហើយលឿនរហ័សទាន់ចិត្តបំផុត សូមទាក់ទងទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨ ។ សូមជម្រាបជូនម្តងទៀត ទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨ ក្រុមការងារនឹងដោះស្រាយជូនមិនថាពេលណា ម៉ោងណា ឬ ថ្ងៃណាឡើយ ៕


អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024