ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

រយៈពេល ១ឆ្នាំ រាជរដ្ឋាភិបាលចំណាយជិត ៣៥២លានដុល្លារ លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩

២៨ មិថុនា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃទី ២៥ ខែមិថុនានេះ គឺជារយៈពេល ១ឆ្នាំគត់ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។ ១ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាអស់ជិត ៣៥២ លានដុល្លារ សម្រាប់ជួយដល់ប្រជាជនជិត ៣លាននាក់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងបន្តរយៈពេល ១ខែទៀត ចាប់ពីថ្ងៃទី២៥មិថុនា រហូតដល់ថ្ងៃទី២៤ ខែកក្កដា។ 

 


រយៈពេល ១ ឆ្នាំគត់ គឺចាប់ពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាល កម្ពុជា បានចំណាយថវិកាអស់ ៣៥១,៧៧ លានដុល្លារអាមេរិក សម្រាប់គ្រួសារក្រីក្រប្រមាណជា ៧០ ម៉ឺន គ្រួសារ ដោយមានប្រជាជនក្រីក្រជាង ២ លាន ៧ សែននាក់ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ។ នេះបើតាមរបាយការណ៍របស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតសមប្បទា ដែលជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់នូវ កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ។

 


ថវិកាដែលត្រូវបានចំណាយខាងលើនេះ មិនរួមបញ្ចូលនូវការចំណាតាមរយៈកម្មវិធីផ្សេងៗទៀត ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ក្នុងគ្រួសារក្រីក្រ និង កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ជាដើមទេ ។


កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី ៥ លើកទី ១ បានបញ្ចប់ទៅហើយកាលពីម៉ោង ៥ និង ០០ នាទីល្ងាចថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ ហើយជុំទី ៥ លើកទី ២ នៃ កម្មវិធីឧបត្ថម្ភសាច់ប្រាកនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី ២៥ ខែ មិថុនា ដល់ ២៤ ខែ កក្កដា ឆ្នាំ ២០២១ នេះ ពោលគឺមានរយៈពេល ៣០ ថ្ងៃគត់ ដោយត្រូវអនុវត្តតាមនីតិវិធីចំនួន ៧ ចំណុចដូចតទៅ៖ 

 

 

១.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ជុំទី៥ លើកទី ១ រួចហើយ សូមទៅបើកប្រាក់របស់ខ្លួនដោយមិនចាំបាច់ទៅសាលាឃុំ សង្កាត់ សាជាថ្មីទៀតទេ។

២.ចំពោះគ្រួសារក្រីក្រ និង ងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ជុំទី ១១ ទាំងអស់នឹងត្រូវផុតសុពលភាព នៃ ការប្រើប្រាស់ប័ណ្ណចាស់ ជំនួសដោយប័ណ្ណជុំទី ១៤ វិញ ។ 

៣. ចំពោះគ្រួសារក្រីក្រ និង ងាយរងគ្រោះដែលមានប័ណ្ណសមធម៌ជុំទី ១១  ដែលបានជាប់បន្តទៅជុំទី ១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាល ឃុំ សង្កាត់ ដើម្បី យកទៅបើកសាច់ ប្រាក់របស់ខ្លួនដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញនៅតាម ឃុំ សង្កាត់ ទេ លើកលែងតែគ្រួសារ ដែលជាប់ថ្មីនៅជុំទី១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាម ឃុំ សង្កាត់ ជាមុនសិនមុននឹងទៅបើកប្រាក់ពីកម្មវិធី ។

 

 

៤. ករណីគ្រួសារក្រីក្រ និង ងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ជុំទី១១ មិនបានជាប់នៅក្នុងជុំទី ១៤ បន្តទៀត ប៉ុន្តែបានផ្ទៀងផ្ទាត់រួចហើយនៅតាមឃុំ សង្កាត់ និង មានលុយនៅសល់ ក្នុងគណនីរបស់ខ្លួន អ្នកទទួលផលនៅតែអាចប្រើប្រាស់ប័ណ្ណជុំទី ១១ ដើម្បី ដកប្រាក់ ដែលនៅសល់នោះបាន ប៉ុន្តែអ្នកទទួលផលនោះ នឹងមិនបានទទួលការឧបត្ថម្ភបន្តទៀតទេ ។

៥.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់រួចហើយ លើកលែងតែជុំទី១១ ដែលមិនបានជាប់ទៅជុំទី១៤ សូមទៅបើកប្រាក់របស់ខ្លួន ដោយមិនចាំបាច់ទៅសាលាឃុំ សង្កាត់ សាជាថ្មីទៀតទេ។

៦. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណមធម៌នៅមានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ ជុំ និ ងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មី សូមទៅផ្ទៀងផ្ទាត់នៅសាលា ឃុំ សង្កាត់ ណាមួយក៏បាននៅទូទាំងប្រទេស ដោយមិនចាំបាច់តែនៅសាលាឃុំ ឬ សង្កាត់របស់ខ្លួនឡើយ ដើម្បី ទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី៥ នេះ។

 

 

៧.ពេលទៅបើកប្រាក់ ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ច រាជធានី ខេត្ត ។

៨.ក្នុងករណីប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬ ដកសាច់ប្រាកមិនបាន សូម ទំនាក់ទំនងអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ច ឬ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ ។ ពេលទៅបើកប្រាក់ឧបត្ថម្ភរបស់ខ្លួន ត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់លើកមុនៗដែរ ជាពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាព និង ត្រូវចងចាំលេខកូដសម្ងាត់របស់ខ្លួនឱ្យបានត្រឹមត្រូវ ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024