ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

មន្ត្រីឱ្យអ្នកប៉ះពាល់ពីកូវីដ-១៩ ទាក់ទងអាជ្ញាធរ ដើម្បីទទួលបានប្រាក់ពីកម្មវិធីជំនួយសង្គម

២៦ ឧសភា ២០២១ | ព័ត៌មានជាតិ

ថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់គ្រួសារ ដែលប៉ះពាល់ជីវភាពពីការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ គ្រួសារដែលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩។ មន្ត្រីទទួលបន្ទុក បានផ្ញើសារទៅប្រជាពលរដ្ឋ ដែលមានបញ្ហាទាំងនេះ សូមទាក់ទងមេភូមិ ឬអាជ្ញាធរឃុំសង្កាត់ ក្នុងករណីមិនឃើញមន្ត្រីចុះទៅស្រង់ឈ្មោះ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីនេះ។

 


តាមពិតទៅ ក្រុមការងារពាក់ព័ន្ធ ជាពិសេសមន្ត្រីអាជ្ញាធរមូលដ្ឋាន បាន និងកំពុងចុះស្រង់ឈ្មោះ និងសម្ភាសដល់គ្រួសាររបស់ប្រជាពលរដ្ឋនៅតាមគោលដៅនានាហើយ ប៉ុន្តែក្នុងករណីភាពចន្លោះប្រហោង ឬ ឆកល្វែង ដោយប្រការណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់ជីវភាពពីការបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩ គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងកូវីដ-១៩ មេត្តាទៅចុះឈ្មោះ និង ផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដូចជាមេភូមិ ឬ នៅតាមឃុំ សង្កាត់ ដើម្បី ទទួលបានការឧបត្ថម្ភពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ។

 


នេះគឺជាការផ្តាំផ្ញើរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ នីតិវិធី និង យន្តការ នៃ ការបើកផ្តល់សម្រាប់ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋមានក្តីលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ មានការលំបាកផ្នែកជីវភាព និង គ្រួសារប្រជាពលរដ្ឋ  ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១  នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ នេះ នៅឯក្រសួងសង្គមកិច្ច ។ 

 


លោក ឈួរ សុបញ្ញា បានបន្ថែមថា លក្ខន្តិកៈ ដើម្បី ទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះមាន ៣ ប្រភេទ គឺ ១. សម្រាប់តំបន់ដែលមានការបិទខ្ទប់ទ្រង់ទ្រាយធំ ដែលក្នុងក្របខណ្ឌនេះ កម្មវិធី  ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋជាកញ្ចប់សម្រាប់ថ្លៃស្បៀងអាហារ ថ្លៃទឹក និង ថ្លៃភ្លើង សម្រាប់ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋដែលមានក្តីលំបាកផ្នែកជីវភាពនៅក្នុងតំបន់បិទខ្ទប់កន្លងមក គឺសំដៅដល់ រាជធានីភ្នំពេញ ក្រុង តាខ្មៅ នៃ ខេត្ត កណ្តាល និង ក្រុងព្រះសីហនុ ពោលគឺមិនមែនទូទាំងប្រទេសទេ ហើយក្នុងក្របខណ្ឌនេះ សំដៅដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរតាមផ្សារ អ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់ ៣ អ្នកធាក់ស៊ីក្លូ អ្នកស៊ីឈ្នួលបើករថយន្តដឹកទំនិញ អ្នកស៊ីឈ្នួលបើករថយន្តក្រុង អ្នកស៊ីឈ្នួលបើករថយន្តឈ្នួល កម្មករក្នុងវិស័យដឹកជញ្ជូន កម្មករសំណង់ អ្នករើសអេតចាយ  អ្នកបម្រើសេវាកម្សាន្ត និង បម្រើការងារក្នុងវិស័យទេសចរណ៍ជាដើម ។

 


លក្ខន្តិកៈទី ២ គឺគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង ខ្វះខាតក្នុងជីវភាព ហើយអនុវត្តសម្រាប់ទូទាំងប្រទេស ។ ទោះយ៉ាងណាកម្មវិធីនេះ មិនរួមបញ្ចូលឡើយ ចំពោះគ្រួសារដែលមានប័ណ្ណក្រីក្រ ឬ ប័ណ្ណសមធម៌ នៅមានសុពលភាព កម្មករនិយោជិតបម្រើការងារនៅតាមរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ស្បែកជើង និង កាបូប ដោយសារគ្រួសារទាំងនោះ ទទួលបានការឧបត្ថម្ភពីកម្មវិធីផ្សេងរួចហើយ មានដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម ខណៈគ្រួសារដែលមានជីវភាពធូរធាសមរម្យ ក៏មិនត្រូវបានទទួលដាក់បញ្ចូលទៅក្នុងការឧបត្ថម្ភ នៃ កម្មវិធីនេះដែរ ។ 


លក្ខន្តិកៈទី ៣ គឺគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយចំពោះលក្ខន្តិកៈទី ៣ នេះ អនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស ហើយមិនគិតថា គ្រួសារនោះ មានប័ណ្ណសម៌ ជាអ្នកបម្រើការងារ ឬ ប្រកបមុខរបរនៅក្នុងវិស័យណាឡើយ ពោលគឺគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ គឺអនុវត្តទូទៅនៅទូទាំងប្រទេស ។

 


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានផ្តាំផ្ញើក្រើនរំឭកដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស ស្រង់ឈ្មោះ និង ធ្វើសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម ធ្វើយ៉ាងណា ត្រូវតែឱ្យការងារប្រព្រឹត្តទៅដោយតម្លាភាព និង ប្រសិទ្ធភាព ឬ និយាយឱ្យងាយស្តាប់ ត្រូវឱ្យប្រាកដថា អ្នកដែលរងផលប៉ះពាល់ត្រូវតែទទួលបានការឧបត្ថម្ភ ហើយអ្នកដែលទទួលបានការឧបត្ថម្ភ ត្រូវតែជាអ្នកដែលរងផលប៉ះពាល់ ដូចដែលបានកំណត់ក្នុងនិយមន័យ នៃ នីតិវិធីដែលមានស្រាប់ ។


សូមបញ្ជាក់ថា តាមការគ្រោងទុក កម្មវិធីនេះ បើសាច់ប្រាក់ឧបត្ថម្ភជូនតែម្តងប៉ុណ្ណោះ ដែលនឹងបើកផ្តល់ជូននៅក្នុងខែ មិថុនា ខាងមុខនេះ ហើយកម្មវិធីនឹងជូនដំណឹងនៅពេលក្រោយ ចំពោះកាលបរិច្ឆេទជាក់លាក់ ។ នេះបើតាមការឱ្យដឹងរបស់លោក ឈួរ សុបញ្ញា ដដែល ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024