ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

UNDP និងក្រសួងសង្គមកិច្ច នឹងធ្វើការជាមួយគ្នា ដើម្បីរៀបចំគោលនយោបាយមនុស្សវ័យចាស់

០១ មិថុនា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃនេះ អង្គការ UNDP និងក្រសួងសង្គមកិច្ច បានចុះហត្ថលេខា ដើម្បីធ្វើការជាមួយគ្នារយៈពេល ២ឆ្នាំ ក្នុងការរៀបចំការងារសំខាន់ៗ ចំនួន ៤ ចំណុច ក្នុងការបង្កើនគុណភាពសេវាកម្មជូនមនុស្សវ័យចាស់នៅកម្ពុជា។ តាមរយៈការចុះហត្ថលេខា នាពេលនេះ អង្គការ UNDP និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ នឹងធ្វើការជាមួយគ្នាទៅលើកម្មវិធីសំខាន់ៗចំនួន ៤ ក្នុងការបង្កើនប្រសិទ្ធភាព និង គុណភាព នៃ ការផ្តល់សេវាកម្មជូនមនុស្សវ័យចាស់នៅកម្ពុជា។

 

 

នេះគឺជាការលើកឡើងរបស់លោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានមនុស្សចាស់ នៃក្រសួងសង្គមកិច្ច នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃ ការយោគយល់គ្នា រវាងអង្គការ UNDP និង ក្រសួងសង្គមកិច្ច ដើម្បីបង្កើនសមត្ថភាពស្ថាប័ន និង ដើម្បី អនុវត្តគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់នៅ កម្ពុជា នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ នេះ។

 


លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជា មានប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ ក្នុងការគោរព ដឹងគុណ និង ទំនុកបម្រុងមនុស្សវ័យចាស់ ដែលប្រការនេះ ស្របទៅនឹងអ្វីដែលអង្គសហប្រជាជាតិផ្តល់ជូនដែរ ។

 


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍ថា ការគោរព និង ការយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ គឺជាអ្វីដែលមានសារសំខាន់សម្រាប់វប្បធម៌ខ្មែរ ។ ក្នុងស្មារតីនេះ ការធានាឱ្យមនុស្សចាស់រស់នៅប្រកបដោយគុណភាពកម្រិតខ្ពស់ តែងតែជាអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា ។ ផ្អែកតាមគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ រាជរដ្ឋាភិបាលនឹងសហការជាមួយ UNDP ក៏ដូចជា ដៃគូដទៃទៀត ដើម្បី លើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅ កម្ពុជា និង កសាងនូវប្រព័ន្ធគាំពារសង្គមដែលកាន់តែរស់រវើកមួយ សម្រាប់គាំទ្រដល់ប្រជាជនគ្រប់រូប ពេញមួយវដ្ត នៃ ជីវិតរបស់ពួកគាត់។

 


ជាការកត់សម្គាល់ខណៈបច្ចុប្បន្ន កម្ពុជា គឺជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ប្រជាជននៅក្នុងប្រទេសនេះក៏កាន់តែមានវ័យចំណស់កាន់តែច្រើនឡើងៗដែរ។ ក្នុងឆ្នាំ ២០១៩ ប្រជាជន ៨,៩ ភាគរយ មានអាយុ ចាប់ពី ៦០ ឆ្នាំឡើងទៅ ដែលទិន្នន័យនេះ បានកើនឡើង ៥,២៥ ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ ហើយតួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២១ ភាគរយ ក្នុងឆ្នាំ ២០៥០។ និន្នាការទាំងនេះ មានន័យថា នៅក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខនេះ ប្រជាជនឋិតក្នុងវ័យកម្លាំងពលកម្មនឹងកាន់តែមានចំនួនតិចទៅៗ ក្នុងការរ៉ាប់រងបន្ទុកជួយឧបត្ថម្ភគាំទ្រដល់ក្រុមមនុស្សវ័យចាស់ដែលកាន់តែមានចំនួនច្រើននៅក្នុងប្រទេសនេះ ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024