ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រទាំងជាង ៧០ម៉ឺនគ្រួសារ រយៈពេលបីខែទៀត 

២១ កក្កដា ២០២១ | ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ដម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រយៈពេលបីខែបន្ថែមទៀត គិតចាប់ពីកក្កដា សីហា និងខែកញ្ញា ឆ្នាំ២០២១នេះ។

 


យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្រាប់ជុំទី៦ ដែលមានរយៈពេលបីខែទៀត គេចាប់កក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២១។ រយៈពេលអនុវត្តបន្ត នឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការវិវត្តន៍ជាក់ស្តែង។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ។ 


អ្នកនាំពាក្យក្រសួងផែនការឯកឧត្ដម ស្រី ដា បានឱ្យថឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ដែលមានគ្រួសារក្រីក្រសរុប ចំនួនប្រមាណជាង៧០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបចំនួនប្រមាណ២លាន៨សែននាក់ កំពុងទទួលផលបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ 

 


លោកបន្តថា ក្រៅពីនេះក្រសួងផែនការក៏បានរកឃើញគ្រួសារក្រីក្រជូបការលំបាកផ្នែកជីវភាពក្រោយការបិទខ្ទប់ ទ្រង់ទ្រាយធំចំនួន១២ម៉ឺនគ្រួសារ ស្មើរនឹងពលរដ្ឋជាង៤០ម៉ឺននាក់បន្ថែមទៀត ដើម្បីទទួលបានថវិការពីកម្មវិធី ជំនួយសង្គមរបស់រាជរដ្ឋាភិបាលបន្ថែមទៀត ។


សូមបញ្ជាក់ថា ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ធ្វើឡើងចំពោះគ្រួសារបាត់បង់ចំណូល, អ្នកលក់កម្លាំងពលកម្ម, គ្រួសារដែលមានសមាជិកពិការ, មេគ្រួសារជាស្ត្រី និងមានកូនតូចៗច្រើន, ក្រុមជនជាតិភាគតិច, គ្រួសារដែលមានសមាជិកផ្ទុកជំងឺអេដស៍ជាដើម។ ពលករចំណាកស្រុក ក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ជាពិសេសការទទួលបាននូវប័ណ្ណសមធម៌ ក្នុងករណីដែលរកឃើញថា គាត់បានធ្លាក់ចូលភាពក្រីក្រ នៅពេលណាមួយដែលគាត់បានបាត់បង់ការងារ ឬ ធ្លាក់ខ្លួនឈឺ។

 


បើតាមលោក ឈួ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច គិតចាប់ពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០រហូតមកដល់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១ម្សិលមិញ រដ្ឋបានចំណាយថវិកាអស់ប្រមាណ៣៥១.៧៧លានដុល្លារហើយ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រទាំងជាង៧១ម៉ឺនគ្រួសារ។ ដោយឡែករដ្ឋាភិបាលត្រូវចំណាយជាង១០លានដុល្លារបន្ថែមទៀតសម្រាប់គ្រួសារជួបការលំបាកក្រោយការបិទខ្ទប់ទ្រង់ទ្រាយធំ៕


អត្ថបទ៖ សំ ជំនាញ     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024