ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

រដ្ឋមន្ត្រីសង្គមកិច្ច សុំអាជ្ញាធរ ចាត់ចែង កុំឱ្យអ្នកទទួលផលកម្មវិធីសាច់ប្រាក់ ទៅបើកប្រាក់ជាមួយគ្នាច្រើនពេក

០១ ឧសភា ២០២១ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស ជាពិសេសអាជ្ញាធរឃុំសង្កាត់ ឱ្យចាត់ចែង ធ្វើឱ្យយ៉ាងណា កុំឱ្យអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទៅបើកប្រាក់របស់ពួកព្រមៗគ្នាច្រើនពេក គឺឱ្យពួកគាត់ទៅជាលំដាប់លំដោយ ចៀសវាងការឆ្លងជំងឺកូវីដ-១៩។

 


សូមអាជ្ញាធរមូលដ្ឋាន ជាពិសេស អាជ្ញាធរឃុំ សង្កាត់នៅទូទាំងប្រទេស មេត្តាពិចារណាក្នុងការចាត់ចែង ឬ បែងចែកពេលវាលាអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាកុំឱ្យពួកគាត់ទៅបើកប្រាក់ពីកម្មវិធីព្រមៗគ្នាច្រើនពេក ពោលគឺចាត់ចែងឱ្យពួកគាត់ទៅបើកជាលំដាប់លំដោយ ដើម្បី ចៀសវាងនូវហានិភ័យ នៃ ការឆ្លងជំងឺកូវីដ-១៩ ។ នេះ គឺជាសំណូមពររបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាសាមីក្រសួង នៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

 


ការលើកឡើងរបស់ឯកឧត្តម វង សូត បែបនេះ ដោយសារកន្លងមកឱ្យតែនៅរាល់ដើមខែនីមួយៗ នៃ កម្មវិធី តែងតែមានអ្នកទទួលផលនាំគ្នាសម្រុកទៅបើកប្រាក់របស់ពួកគាត់យ៉ាងច្រើន ដែលប្រការនោះ គឺជាប្រឈមមួយ នៃ ការឆ្លងជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ អ្នកទទួលផលទាំងឡាយ ក៏ត្រូវតែចេះប្រមាណមើលដោយខ្លួនឯងថា ប្រសិនបើមានអ្នកដទៃសម្រុកទៅបើកច្រើនហើយនោះ លោកអ្នកគួរតែដកឃ្លាបន្តិចសិន កុំទៅប្រជ្រៀងជាមួយអ្នកដទៃ ។

 


ប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម វង សូត ក៏បានក្រើនរំឭកដល់អ្នកទទួលផល ជាពិសេសនៅក្នុងតំបន់ក្រហម និង តំបន់លឿងទុំ ថា ប្រសិនបើមិនទាន់ចាំបាច់ពេកទេនោះ មេត្តាអត់ធ្មត់ពន្យារពេលបន្តិច កុំទាន់អាលទៅបើកប្រាក់របស់ខ្លួន ទម្រាំស្ថានភាពកូវីដ-១៩ មានភាពធូរស្រាលបន្តិចសិន ថវិកាទាំងនោះ មិនបាត់បង់ទៅណាឡើយ គឺវានៅក្នុងគណនេយ្យរបស់អ្នកទទួលផល ដែលពួកគាត់អាចទៅបើកនៅពេលក្រោយក៏បាន។

 


សូមជម្រាបថា  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ ដោយគិតជាមធ្យមមានអ្នកទទួលផលចន្លោះពី ៧០ ម៉ឺន ទៅ ៧១ ម៉ឺនគ្រួសារ ក្នុង ១ ខែ ហើយគិតមកដល់ពេលនេះ កម្មវិធីចំណាយថវិកា ដែលជាថវិការបស់រាជរដ្ឋាភិបាល កម្ពុជា សុទ្ធសាធអស់ប្រមាណជាជិត ៣០០ លានដុល្លារអាមេរិកហើយ ។ នេះបើតាមរបាយការណ៍របស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច ដែលជាអ្នកទទួលបន្ទុកដឹកនាំអនុវត្តដោយផ្ទាល់ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩  ប្រាប់ PNN នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ នេះ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024