ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

នៅប្រទេសអ៊ឺរ៉ាក់ទំនាក់ទំនងភេទដូចគ្នាត្រូវជាប់ទោសពន្ធនាគារអាចរហូតដល់១៥ឆ្នាំ


 

 

 

សភាប្រទេសអ៊ឺរ៉ាក់ បានអនុម័ត្តច្បាប់ប្រឆាំងនឹងទំនាក់ទំនងភេទដូចគ្នាដែលមានទោសជាប់ពន្ធនាគារអតិបរមារហូតដល់១៥ឆ្នាំនៅថ្ងៃសៅរ៍(២៧មេសា)។ ការអនុម័ត្តច្បាប់នេះត្រូវបានសភាអ៊ឺរ៉ាក់លើកឡើងថា ជាការការពារតម្លៃសាសនា។ ប៉ុន្តែច្បាប់នេះ បែរជាទទួលបានការថ្កោលទោសពីក្រុមសកម្មជនសិទ្ធិមនុស្សថាជារឹតត្បិតខ្លាំងថ្មីចុងក្រោយបំផុតទៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាLGBTនៅប្រទេសអ៊ឺរ៉ាក់។ 

 

ច្បាប់ មានបំណងការពារសង្គមអ៊ឺរ៉ាក់ពីភាពអន់ថយខាងសីលធម៌ និងហាមឃាត់ការស្រឡាញ់ភេទដូចគ្នាដែលកំពុងកើតមានឡើងនៅពាសពេញពិភពលោក។យោងសារព័ត៌មានរ៉យទ័រ។

 

ច្បាប់នេះ ទទួលបានការគាំទ្រខ្លាំងពីគណបក្សអភិរក្សស៊ីអ៊ីតម៉ូស្លីម(Shi'ite Muslim) ដែលកាន់កាប់អាសនៈមួយភាគធំនៅសភាអ៊ឺរ៉ាក់។

 

ច្បាប់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពេស្យាចារ និង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា បានហាមឃាត់ទំនាក់ទំនងភេទដូចគ្នា ដែលមានទោសជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ និងអតិបរមានៃទោសដល់១៥ឆ្នាំ។ តាមច្បាប់នេះ សម្រាប់អ្នកដែលជំរុញឱ្យកើតមានការស្រឡាញ់ភេទដូចគ្នា និងពេស្យាចារត្រូវជាប់ទោសពន្ធនាគារ៧ឆ្នាំ។ 

 

ច្បាប់នេះ ក៏បានដាក់ទោសពន្ធនាគារពីរវាង១ឆ្នាំ និង៣ឆ្នាំផងដែរ សម្រាប់អ្នកផ្លាស់ប្តូរភេទពីកំណើតរបស់ពួកគេ ឬការស្លៀកពាក់ដូចស្រីដោយចេតនា។ 

 

មន្ត្រីអ៊ឺរ៉ាក់ដែលទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សមិនអាចទំនាក់ទំនងសុំអត្ថាធិប្បាយបាន។

 

នៅក្នុងពិភពលោកមានប្រទេសច្រើនជាង៦០ប្រទេសចាត់ទុកការស្រឡាញ់ភេទដូចគ្នាជាអំពើខុសច្បាប់ ចំណែកប្រទេសច្រើនជាង១៣០ផ្សេងទៀតទទួលស្គាល់សិទ្ធិស្រឡាញ់ភេទដូចគ្នា។ យោង Our World in Data។ 


 

 

 

 

អត្ថបទ៖ណាវ័ន្ត

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024