ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ការនាំចេញផ្លែឈើស្រស់របស់ប្រទេសថៃ រក្សាបាននូវកំណើនខ្ពស់ ក្នុងឆមាសទី ១

០៥ សីហា ២០២១ | សេដ្ឋកិច្ច

គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២១នេះ វិបត្តិមេរោគកូវីដ១៩ មិនអាចទាញទម្លាក់ការនាំចេញផ្លែឈើស្រស់របស់ប្រទេសថៃនោះឡើយ ដែលអាចសម្រេចកំណើន ៤២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយកំណើននេះ គឺរុញច្រានដោយតម្រូវការរបស់ជនជាតិចិន។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។

 


លោក ភូសិត អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មថៃ បានលើកឡើងថា ឆ្នាំ ២០២១នេះ ជាឆ្នាំមាស សម្រាប់ជំនួញពាណិជ្ជកម្មផ្លែឈើថៃ ដោយសារការនាំចេញផ្លែឈើស្រស់ បន្តកើនឡើងគួរឲ្យកត់សម្គាល់។


លោក បន្តថា ការកើនឡើងនូវការនាំចេញនេះ ក៏មានការចូលរួមចំណែកពី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ ដែលបានចាត់តាំង ឯកអគ្គរដ្ឋទូតពាណិជ្ជកម្មនៅបរទេស ឲ្យដើរតួនាទីជា អ្នកលក់ទំនិញថៃ និងផ្គូរផ្គងរវាងអ្នកលក់ផ្លែឈើថៃ និងអ្នកទិញនៅបរទេស។


លើសពីណេះ ការដឹកជញ្ជូនផ្លែឈើ បានជម្រុញការនាំចេញផលិតផលកសិកម្មថៃ ឲ្យកើនឡើង ២០% នៅពាក់កណ្តាលឆ្នាំ ២០២១នេះ។ជាក់ស្តែង ក្នុងឆមាសទី ១នេះ ការនាំចេញផ្លែឈើស្រស់ មានទំហំជិត ៣ពាន់លានដុល្លារអាមេរិក កើនឡើង ៤២% ដោយក្នុងនោះការនាំចេញផ្លែទុរេន កើនឡើង ៥៨%, ផ្លែមៀន កើនឡើង ៥១%, ស្វាយ កើន ៥០%, ម្នាស់ កើន ៩៨% និងផ្លែក្រូច កើន ៣៧៤%។


ទីផ្សារចិន គឺជាអ្នកទិញផ្លែឈើស្រស់ពី ថៃ ច្រើនជាងគេបំផុត ស្មើនឹង ៨៣% នៃការនាំចេញផ្លែឈើស្រស់របស់ថៃ ហើយក្រៅពីនោះ មាន វៀតណាម ម៉ាឡេស៊ី និងកូរ៉េខាងត្បូង។


រយៈពេល ៦ខែ ដើមឆ្នាំ ២០២១នេះ ផ្លែឈើស្រស់របស់ថៃ នាំចេញទៅកាន់ប្រទេសចិន សម្រេចបានជាង ២ពាន់ ៤រយលានដុល្លារអាមេរិក ដែលមានកំណើន ៧១%។
ដោយសារតែការនាំចេញផ្លែឈើស្រស់ ធ្វើបានល្អនៅពាក់កណ្តាលឆ្នាំ ២០២១នេះ ក្រសួងពាណិជ្ជកម្មថៃ មានសុទិដ្ឋិនិយមថា ការនាំចេញផ្លែឈើស្រស់ នឹងសម្រេចបាន ៥ពាន់ ៥រយលានដុល្លារអាមេរិក កើនឡើង ៦៦% នៅក្នុងឆ្នាំ ២០២១នេះ។


យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អាជ្ញាធរប្រទេសចិន ក៏បានព្រមានដល់អ្នកនាំចេញផ្លែឈើរបស់ថៃ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវវិធានការតឹងរ៉ឺង និងធានាឲ្យបានថា ផលិតផលផ្លែឈើរបស់ពួកគេនៅស្រស់ មិនត្រូវបានប្រើថ្នាំ និងមិនមានវីរុសកូវីដ១៩។


អ្នកបើកបរទាំងអស់ ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ នៅតាមគ្រប់ច្រកត្រួតពិនិត្យទាំងអស់ ជាពិសេសនៅច្រកឆ្លងកាត់ចូលព្រំដែនខេត្តយូណាន ប្រទេសចិន ហើយចំពោះរថយន្តដឹកទំនិញរបស់ពួកគេ ត្រូវបាញ់សម្លាប់មេរោគ គួបផ្សំនឹងទំនិញដែលបានវេចខ្ចប់រួច មកអនុញ្ញាតឲ្យនាំចូលមកប្រទេសចិន។


សូមជម្រាបថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១នេះ ថៃ ក៏សម្រេចការនាំចេញ ១៣២ពាន់លានដុល្លារអាមេរិក មានកំណើន ១៥% ហើយថៃ ក៏នាំចូលមកវិញជាង ១៣០ពាន់លានដុល្លារអាមេរិក កើនឡើង ២៦% យ៉ាងណា ថៃ សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ២ពាន់លានដុល្លារអាមេរិក៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024