ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រយៈពេល ៧ខែដើមឆ្នាំ ការវិនិយោគដោយផ្ទាល់ពីបរទេស របស់វៀតណាម ធ្លាក់ចុះ ១១%

២៩ កក្កដា ២០២១ | សេដ្ឋកិច្ច

ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២០នេះ ការវិនិយោគដោយផ្ទាល់ពីបរទេស របស់វៀតណាម សម្រេចបានប្រមាណ ១៦ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ១១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីចុះផ្សាយដោយ សារព័ត៌មាន Vietnam News នៅថ្ងៃនេះ។


នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយរបស់ ក្រសួងផែនការ និងវិនិយោគវៀតណាម បានឲ្យដឹងថា តួលេខនេះ ជាការធ្លាក់ចុះខ្លាំងជាងគេបំផុតនៃការវិនិយោគដោយផ្ទាល់ពីបរទេស ចូលមកកាន់ប្រទេសវៀតណាម ចាប់តាំងពី មេរោគកូវីដ១៩ ផ្ទុះឡើង ដែលប៉ះពាល់ដល់ សួនឧស្សាហកម្មជាច្រើនកន្លែង។


នៅក្នុងចំណោមទុនវិនិយោគទាំងអស់នេះ ទឹកប្រាក់ជាង ១០ពាន់លានដុល្លារអាមេរិក បានហូរចូលទៅក្នុងគម្រោងវិនិយោគថ្មីៗចំនួន ១ពាន់គម្រោង និងប្រមាណជិត ៤ពាន់ ៥រយលានដុល្លារអាមេរិកទៀត ត្រូវបានចាក់បញ្ចូលទៅក្នុង គម្រោងវិនិយោគដែលមានស្រាប់ចំនួនជាង ៥០០គម្រោង នៅក្នុងប្រទេសវៀតណាម។


ដោយឡែកចំពោះ ទុនវិនិយោគជាង ២ពាន់លានដុល្លារអាមេរិកទៀត ស្ថិតនៅក្នុងគម្រោងកិច្ចសន្យាវិនិយោគនាពេលអនាគត ដោយរួមបញ្ចូលទាំងការទិញយកភាគហ៊ុនផងដែរ។


សេដ្ឋកិច្ចវិទូ ជឿជាក់ថា វិបត្តិមេរោគកូវីដ១៩ បានដាក់បន្ទុកទៅលើ ការទាក់ទាញវិនិយោគរបស់វៀតណាម ជាពិសេសគឺ ទំនុកចិត្តរបស់វិនិយោគិនមកពី សហភាពអឺរ៉ុប។


នៅក្នុងចំណោម វិស័យទាំង ១៨ ដែលទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស គឺមានវិស័យឧស្សាហកម្ម និងកែច្នៃ ទាក់ទាញការវិនិយោគខ្ពស់ជាងគេជិត ៨ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤៧% នៃទំហំទុនវិនិយោគសរុប ខណៈវិស័យផលិតកម្ម និងចែកចាយអគ្គិសនី ទទួលបានការវិនិយោគ ៥ពាន់លានដុល្លារអាមេរិក។

 

ជាចុងក្រោយ ប្រទេសសិង្ហបុរី ជាអ្នកវិនិយោគធំជាងគេនៅប្រទេសវៀតណាម ដែលមានទុនវិនិយោគជិត ៦ពាន់លានដុល្លារអាមេរិក ហើយក្រៅពីនោះមាន ជប៉ុន បោះទុន ២ពាន់ ៥រយលានដុល្លារ និង កូរ៉េខាងត្បូង បោះទុន ២ពាន់លានដុល្លារ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024