ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ធនាគារពិភពលោក ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចវៀតណាម មកត្រឹម ៤,៨% ក្នុងឆ្នាំ ២០២១នេះ

២៥ សីហា ២០២១ | សេដ្ឋកិច្ច

ធនាគារពិភពលោក បានធ្វើការទម្លាក់ការព្យាករណ៍អំពីសេដ្ឋកិច្ចវៀតណាម មកនៅត្រឹម ៤,៨% នៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែ វៀតណាម មិនអាចទប់ស្កាត់នូវការផ្ទុះរីករាលនៃមេរោគកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិ។ នេះបើយោងសារព័ត៌មាន Vietnam Express ចេញផ្សាយនៅថ្ងៃនេះ។


នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ ធនាគារពិភពលោក ទាក់ទងនឹងប្រទេសវៀតណាមបានបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាម នៅក្នុងឆមាសទី ២ ឆ្នាំ ២០២១នេះ គឺអាស្រ័យទៅលើ ការគ្រប់គ្រងសា្ថនការណ៍មេរោគកូវីដ១៩ ការអនុវត្តនូវផែនការចាក់វ៉ាក់សាំង និងប្រសិទ្ធភាពនៃវិធានការហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់ អាជីវកម្ម និងប្រជាជន ដែលរងផលប៉ះពាល់ដោយមេរោគកូវីដ១៩។


កាលពីខែធ្នូ ឆ្នាំ ២០២០កន្លងទៅ ធនាគារពិភពលោក បានព្យាករណ៍ថា វៀតណាម អាចនឹងសម្រេចកំណើនសេដ្ឋកិច្ច ៦,៨% នៅក្នុងឆ្នាំ ២០២១នេះ តែដោយសារតែ រលកឆ្លងថ្មីនៃមេរោគកូវីដ១៩ បានប៉ះពាល់ដល់ការព្យាករណ៍នេះ គឺមានការទម្លាក់ដល់ទៅ ២ពិន្ទុ មកនៅត្រឹម ៤,៨%។

 


តុល្យភាពពាណិជ្ជកម្ម បានក្លាយទៅជា ឱនភាពពាណិជ្ជកម្ម នៅប៉ុន្មានខែចុងក្រោយនេះ ហើយវិនិយោគិនបរទេស ក៏ចាប់ផ្តើមបង្ហាញពីការប្រុងប្រយ័ត្នជាបណ្តើរៗ។
លើសពីនេះ ការផ្ទុះឡើងនូវមេរោគកូវីដ១៩ ថ្មីៗនេះ គឺបានបង្ខំឲ្យ វិនិយោគិនមួយចំនួន បិទដំណើរការរោងចក្រ និងពន្យារពេលផលិតកម្មថែមទៀតផង។

 


សូមជម្រាបដែរថា មានស្ថាប័នអន្តរជាតិជាច្រើន រួមទាំងរដ្ឋាភិបាលវៀតណាម បានព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចវៀតណាម រង្វង់ ៦,៥% ទៅ ៦,៧% ក្នុងឆ្នាំ ២០២១នេះ តែយ៉ាងណាហានិភ័យពី វិបត្តិមេរោគកូវីដ១៩ នៅតែខ្ពស់ ហើយការិយាល័យស្ថិតិទូទៅវៀតណាម ក៏បានគូសបញ្ជាក់ថា គោលដៅកំណើនសេដ្ឋកិច្ច ៦,៥% សម្រាប់ឆ្នាំ ២០២១នេះ គឺជារឿងមួយដែលមានបញ្ហាប្រឈមច្រើន ហើយក៏បានស្នើដល់រដ្ឋាភិបាលវៀតណាម បន្តគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដ១៩ ហើយបញ្ចៀសការផ្ទុះឡើងជាថ្មី ខណៈសម្រុកអនុវត្តកម្មវិធីចាក់វ៉ាក់សាំង៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024