ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងការបរទេសថៃលាលែងតំណែងពេលរុះរើគណៈរដ្ឋមន្ត្រី

 

 

លោក Parnpree Bahiddha-Nukara  រដ្ឋមន្ត្រីការបរទេសថៃ បានលាលែងតំណែង។ យោងរដ្ឋាភិបាលថៃឱ្យដឹងនៅថ្ងៃ២៨មេសា។ ការលាលែងតំណែងនេះធ្វើឡើងក្រោយពេលលោកបាត់បង់តំណែងជាឧបនាយករដ្ឋមន្ត្រីថៃនៅពេលរុះរើគណៈរដ្ឋមន្ត្រី។ 


ការលាលែងចេញពីតំណែងដែលគេមិនធ្លាប់រំពឹងទុករបស់លោកParnpree បានធ្វើឱ្យក្រសួងការបរទេសថៃ គ្មានអ្នកកាន់ចង្កូតដឹកនាំ ដោយសារលោកParnpree ជាអ្នកដឹកនាំក្រុមកិច្ចការមីយ៉ាន់ម៉ា ហើយកាលពីខែមីនានោះ លោកបានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ដែលជួយបើកផ្លូវសម្រាប់កិច្ចពិភាក្សារវាងភាគីទំនាស់ ក្រោយអស្ថិរភាព និងហិង្សាអស់៣ឆ្នាំដែលបង្កឡើងពីរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ 

 

លោក Parnpree Bahiddha-Nukara រដ្ឋមន្ត្រីការបរទេសថៃ មានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យបានដោះលែងចំណាប់ខ្មាំងជនជាតិថៃដែលក្រុមហាម៉ាស់ ចាប់ខ្លួននៅតំបន់ហ្គាហ្សា។  

 

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានទទួលលិខិតលាលែងតំណែងរបស់លោកParnpree។ យោងលោក  Chai Wacharonke  អ្នកនាំពាក្យរដ្ឋាភិបាលថៃថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ។ 

 

អ្នកនាំពាក្យរូបនេះបន្តថា«ការលាលែងតំណែងរបស់លោកParnpreeនឹងមិនប៉ះពាល់ដល់កិច្ចការរដ្ឋាភិបាលឡើយ ដោយសារលេខាធិការអចិន្ត្រៃយ៍ និងមន្ត្រីក្រសួងការបរទេសអាចធ្វើការជំនួសបាន»។

 

លោក Parnpree មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយបាន។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024