ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ចាប់ផ្តើមត្អូញត្អែរពីបញ្ហាកង្វះខាតបន្ទះឈីបហើយ

២៩ កក្កដា ២០២១ | សេដ្ឋកិច្ច

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានលើកឡើងថា បញ្ហាកង្វះខាតបន្ទះឈីបនៅលើសកលលោក បានប៉ះពាល់ទៅលើសមត្ថភាពផលិតកម្មទូរស័ព្ទ iPhone និងប៉ះពាល់ដល់ការលក់ឧបករណ៍ជាច្រើនទៀត ដែលនឹងធ្វើឲ្យប្រាក់ចំណូលមានកំណើនយឺត។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃនេះ។


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Apple បានលើកឡើងថា ប្រាក់ចំណូលនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១នេះ អាចនឹងមានកំណើន ២ខ្ទង់ ក៏ប៉ុន្តែវាទាបជាងកំណើនក្នុងត្រីមាសទី ៣ ដែលអាចនឹងសម្រេចបានដល់ទៅ ៣៦% ដោយសារតែបញ្ហាបន្ទះឈីប ប៉ះពាល់ដល់ ការលក់ឧបករណ៍ជាច្រើនប្រភេទរបស់ Apple។

 

នៅក្នុងសន្និសីទជាមួយនឹងវិនិយោគិន ក្រុមហ៊ុន Apple បានលើកឡើងថា ផលប៉ះពាល់នៃបញ្ហាកង្វះខាតបន្ទះឈីប គឺធ្ងន់ធ្ងរនៅក្នុងត្រីមាសទី ៣ តែវាកាន់តែអាក្រក់ជាងនេះទៅទៀត នៅក្នុងត្រីមាសទី ៤ ដែលប៉ះពាល់ទៅដល់ ផលិតកម្មទូរស័ព្ទ iPhone តែម្តង។


ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Apple គឺលោក Tim Cook បានមានប្រសាសន៍ថា បន្ទះឈីប ដែលកំពុងតែជួបប្រទះកង្វះខាតនេះ គឺបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ចាស់ ក៏ប៉ុន្តែគេនៅតែត្រូវការ បន្ទះឈីបនេះ ធ្វើជា ផ្នែកគាំទ្រក្នុងការបង្កើតទូរស័ព្ទ iPhone។

 

 

សូមជម្រាបថា ក្រុមហ៊ុន Apple ក៏ធ្លាប់បានបញ្ជាក់ប្រាប់ដល់ វិនិយោគិនរបស់ខ្លួនថា បញ្ហាបន្ទះឈីបនេះ អាចនឹងធ្វើឲ្យការលក់ ធ្លាក់ចុះចន្លោះ ៣ ទៅ ៤ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024