ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ស្មាតហ្វូនរបស់ចិន ចាប់យកចំណែកទីផ្សារធំជាងគេ ជាលើកដំបូងនៅក្នុងប្រទេសថៃ

១០ សីហា ២០២១ | សេដ្ឋកិច្ច

ក្រុមហ៊ុនស្មាតហ្វូន Xiaomi របស់ប្រទេសចិន បានចាប់យកតំណែងលេខ ១ ជាលើកដំបូងបង្អស់នៅក្នុងទីផ្សារប្រទេសថៃ ដែលកាន់កាប់ចំណែក ២១% នៃទីផ្សារស្មាតហ្វូន ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយ នៅលើសារព័ត៌មាន Bangkok Post ក្នុងថ្ងៃនេះ។

 


របាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Canalys បានបង្ហាញថា ស្មាតហ្វូនរបស់ក្រុមហ៊ុន ដែលបានដឹកជញ្ជូនមកកាន់ប្រទេសថៃ មានការកើនឡើង ២០០% នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១នេះ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០កន្លងទៅ។


ក្រុមហ៊ុនស្មាតហ្វូន Xiaomi កាលពីត្រីមាសទី ១ ដើមឆ្នាំ គឺឈរនៅលំដាប់លេខ ២ តែចូលមកដល់ត្រីមាសទី ២នេះ គឺទទួលបានតំណែងលេខ ១ ដោយកាន់កាប់ចំណែកទីផ្សារ ២១% ខណៈក្រុមហ៊ុនចិនមួយទៀតគឺ Oppo  ហើយនឹងក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េ កាន់កាប់ចំណែកទីផ្សារស្មាតហ្វូនរបស់ថៃ ១៩% ដូចគ្នា។


តំណែងរបស់ក្រុមហ៊ុន Samsung ធ្លាក់ចុះពីកំពូល មកនៅត្រឹមលេខ ៣  ដោយសារតែការដឹកជញ្ជូនស្មាតហ្វូនមកកាន់ប្រទេសថៃ មានការធ្លាក់ចុះ ១៥% នៅក្នុងត្រីមាសទី ២នេះ។


របាយការណ៍របស់ Canalys បានរកឃើញទៀតថា ក្រុមហ៊ុន Xiaomi ក៏បានទទួលតំណែងលេខ ២ ជាលើកដំបូងបង្អស់នៅលើទីផ្សារសកលលោក ក្នុងត្រីមាសទី ២នេះ ដោយដឹកជញ្ជូនស្មាតហ្វូនបានជាង ៥២លានគ្រឿង និងចាប់យកចំណែកទីផ្សារសកល បាន ១៧%។


ដោយឡែក ក្រុមហ៊ុន Samsung បន្តឈរលើកំពូលតារាង នៅលើទីផ្សារសកលលោក ដែលកាន់ចំណែកទីផ្សារ ១៨% ខណៈក្រុមហ៊ុន Apple ធ្លាក់ចុះមកនៅត្រឹមលេខ ៣ ជាមួយចំណែកទីផ្សារ ១៤%។


សូមជម្រាបថា តាមការស្រាវជ្រាវ សម្រាប់តម្លៃជាមធ្យមរបស់ស្មាតហ្វូន Xiaomi ធៀបជាមួយនឹងតម្លៃជាមធ្យមរបស់ស្មាតហ្វូន Samsung គឺថោកជាង ៤០% ហើយក៏ថោកជាងស្មាតហ្វូន Apple ដល់ទៅ ៧៥%៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024