ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ធនាគារកណ្តាលថៃ៖ សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ចុះដល់ទៅ ២% បើសិនវិបត្តិកូវីដ១៩ បន្តរីករាលដាល

២៣ កក្កដា ២០២១ | សេដ្ឋកិច្ច

ធនាគារកណ្តាលថៃ បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅក្នុងឆ្នាំ ២០២១នេះ អាចនឹងធ្លាក់ចុះ ០,៨% ទៅ ២% បើសិនជា បញ្ហាមេរោគឆ្លងកូវីដ១៩ នៅតែបន្តរីករាលដាល ដែលរាជរដ្ឋាភិបាលថៃ ចំាបាច់ប្រើប្រាស់វិធានការបិទខ្ទប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។


លោកស្រី ឆាយ៉ា វ៉ាឌី នាយកជាន់ខ្ពស់នៃធនាគារកណ្តាលថៃ បានអះអាងថា វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ដែលក្នុងសេណារីយ៉ូល្អបំផុត គឺ GDP ថៃ អាចនឹងធ្លាក់ចុះ ០,៨% ហើយក្នុងសេណារីយ៉ូអាក្រក់បំផុត គឺធ្លាក់ចុះដល់ទៅ ២%។

 

ការវាយតម្លៃថ្មីចុងក្រោយនេះ គឺធ្វើឡើងនៅថ្ងៃទី ១៦ ខែកក្កដា និងផ្អែកទៅលើ ប្រសិទ្ធភាពនៃវិធានការបិទខ្ទប់ទីក្រុង។ បើសិនជា ការបិទខ្ទប់មានប្រសិទ្ធភាពខ្ពស់ និងការមេរោគថ្មី នឹងធ្លាក់ចុះ ៤០% ហើយរាជរដ្ឋាភិបាលថៃ នឹងអាចគ្រប់គ្រងស្ថានការណ៍បាន នៅត្រឹមខែសីហា ដែលក្នុងសេណារីយ៉ូល្អនេះ GDP ថៃ នឹងធ្លាក់ចុះ ០,៨%។


ដោយឡែក បើសិនជា ការបិទខ្ទប់ ពុំមានប្រសិទ្ធភាពនោះទេ ករណីឆ្លងមេរោគថ្មី នឹងធ្លាក់ចុះតែ ២០% ដូច្នេះហើយ រាជរដ្ឋាភិបាលថៃ ត្រូវបន្ថែមវិធានការទប់ស្កាត់ថ្មីរហូតដល់ដំណាច់ឆ្នាំ ២០២១នេះ ដែលក្នុងសេណារីយ៉ូអាក្រក់មួយនេះ GDP របស់ថៃ នឹងធ្លាក់ចុះដល់ទៅ ២%។


នាយកជាន់ខ្ពស់នៃធនាគារកណ្តាលថៃ បានបន្ថែមទៀតថា សកម្មភាពសេដ្ឋកិច្ច នៅក្រោមវិធានទប់ស្កាត់ សម្រាប់រលកឆ្លងទី ៣នេះ បានធ្លាក់ចុះជិតនឹងស្មើ សកម្មភាពសេដ្ឋកិច្ច ក្នុងរលកឆ្លងទី ១ កាលពីខែមេសា ឆ្នាំ ២០២០ទៅហើយ។

 


សូមជម្រាបដែរថា រាជរដ្ឋាភិបាលថៃ បាននិងកំពុងបន្តតាមដានស្ថានការណ៍កូវីដ១៩ និងដាក់ចេញនូវវិធានការតឹងរ៉ឹងជាបន្តបន្ទាប់ នៅក្នុងខេត្តក្រុងចំនួន ១៣ ហើយអាចនឹងមានការកំណត់ ខេត្តក្រុង ដែលមានហានិភ័យខ្ពស់ នាពេលឆាប់ៗខាងមុខថែមទៀត៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024