ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤
ដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់មហាសេដ្ឋី Elon Musk ទៅកាន់ប្រទេសចិន បានទទួលសម្បទានពីប្រទេសចិនសម្រាប់ក្រុមហ៊ុនTesla ប៉ុន្តែបានធ្វើឱ្យប្រទេសឥណ្ឌា មិនអាចទទួលយកបានយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចមួយនេះ ក្រោយពីមហាសេដ្ឋីElon Musk លុបចោលដំណើរទស្សនកិច្ចគ្រោងទុកថាទៅកាន់ប្រទេសឥណ្ឌា។ យោងសារព័ត៌មានរ៉យទ័រផ្សាយនៅថ្ងៃ១ឧសភា។
ប្រតិកម្មឈឺចាប់របស់ឥណ្ឌា បានបង្ហាញអំពីការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងប្រទេសឥណ្ឌា និងប្រទេសចិនដែលទាំងពីរប្រទេសនេះ ជាប្រទេសមានប្រជាជនច្រើនប្រចាំតំបន់អាស៊ី និងជាប្រទេសសេដ្ឋកិច្ចខ្លាំងប្រចាំតំបន់។ ទំនាក់ទំនងការទូតនិងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌានិងប្រទេសចិន មានភាពល្អក់កករចាប់តាំងពីឆ្នាំ២០២០នៅពេលកើតមានបញ្ហាប៉ះទង្គិចនៅព្រំដែនបណ្តាលឱ្យយោធាឥណ្ឌា២០នាក់ និងយោធាចិន៤នាក់ស្លាប់។
តាមគម្រោង លោក Musk ដែលជាមហាសេដ្ឋីពិភពលោក នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌាModi នៅថ្ងៃ២២មេសា នៅទីក្រុងញូវដេលី ហើយប្រកាសការវិនិយោគមួយដែលមានទឹកប្រាក់រហូតដល់៣ពាន់លានដុល្លារអាមេរិកលើរោងចក្ររថយន្ត ប៉ុន្តែបានលុបចោលវិញ ដោយលើកឡើងថា ក្រុមហ៊ុនTesla មានកាតព្វកិច្ចធ្ងន់ខ្លាំង។
នៅថ្ងៃអាទិត្យ(២៨មេសា) លោកMusk បានបង្ហាញវត្តមាននៅប្រទេសចិនជួបជាមួយលោកLi Qiangនាយករដ្ឋមន្ត្រីចិន។
សារព័ត៌មានឥណ្ឌាជាច្រើនដែលតែងតែប្រឆាំងនឹងប្រទេសចិន បានរិះគន់ដល់ដំណើរទស្សនកិច្ចរបស់លោកMusk។ សារព័ត៌មាន The Mirror Now បានចេញផ្សាយដំណឹងពីដំណើរទស្សនកិច្ចរបស់លោក Elon Musk ទៅកាន់ប្រទេសចិន ហើយអ្នកអត្ថាធិប្បាយព័ត៌មានបាននិយាយថា «នៅទីនេះនៅក្នុងប្រទេសឥណ្ឌាគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង»។ ចំណែកសារព័ត៌មានឥណ្ឌា News9 បានផ្សាយដំណឹងរបស់Musk ហើយនិយាយថា «សួស្តីចិន, ជំរាបលាឥណ្ឌា?» ។ សារព័ត៌មានដដែលនេះបានបង្ហាញនូវសារឌឺដងថា«កាតព្វកិច្ច Teslaធ្ងន់ខ្លាំង?ទស្សនកិច្ចនៅប្រទេសចិន១សប្តាហ៍ ក្រោយលុបចោលទស្សនកិច្ចនៅឥណ្ឌា»។
អត្ថបទ៖ណាវ័ន្ត