ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤

អ្នកភូមិនៅប្រទេសរុស្ស៊ីបែកគំនិតសាងសង់ទំនប់ការពារដែនដីរបស់ខ្លួនពីគ្រោះទឹកជំនន់

ទោះបីទឹកជំនន់ហ៊ុមព័ទ្ធប្រទេសរុស្ស៊ីភាគកណ្ដាលមួយភាគធំមើលទៅល្ហល្ហេវសុទ្ធតែទឹកយ៉ាងណាក្ដី ប៉ុន្តែអ្នករស់នៅក្នុងភូមិមួយកន្លែងសុខចិត្តជ្រើសរើសវិធីផ្សេងក្រៅពីការចាកចេញទៅរកទីទួលសុវត្ថិភាព។ ពួកគេបែកគំនិតថ្មីដើម្បីសាងសង់ទំនប់ទឹកដ៏រឹងមាំមួយដើម្បីទប់ទល់នឹងការលិចលង់ផ្ទះរបស់ពួកគេ។ ពួកគេខិតខំសាងសង់ជញ្ជាំងទប់ទឹកជំនន់នេះពីដីឥដ្ឋដែលលាតសន្ធឹកចម្ងាយ១៤៤០ម៉ែត្រ។

 

 

 

 

អ្នកភូមិប៉េរ៉ូវស្គី (Perovsky) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងអូរេនបឺក (Orenburg) ប្រាប់ថាបន្ទាប់ពីដឹកជញ្ជូនកូនៗ និងមនុស្សចាស់ៗចាកចេញពីភូមិនេះរួចហើយ ពួកគេប្រមូលគ្នាបានប្រហែលម្ភៃសាមសិបនាក់ចាប់ផ្ដើមសាងសង់កំពែងទឹកយ៉ាងដុតដៃដុតជើង។

 

អ្នកភូមិម្នាក់ឈ្មោះអ៊ីវ៉ាន (Ivan) ប្រាប់ថានេះជាការរត់ប្រណាំងនឹងពេលវេលា។ បន្ទាប់ពីទឹកជំនន់ចាប់ផ្ដើមហក់ឡើងយ៉ាងគំហុក យើងយល់ច្បាស់ថាយើងមិនអាចធ្វើកិច្ចការនេះតែគ្នាប៉ុណ្ណឹងបានឡើយ។ យើងក៏ដើររកជួលគ្រឿងចក្រដើម្បីកាយអាចម៍ដីលើកទំនប់។

 

ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះទឹកឡើងប្រហែលមួយម៉ែត្រ។ អ្នករស់នៅម្ដុំៗនោះក៏ឆ្លៀតពេលទំនេរពីការងារខំលើកទំនប់ជាមួយក្រុមការងារទាំងនេះ។ នៅដំណាក់កាលចុងក្រោយ ពួកគេអាចប្រមូលគ្នាបាន២រយនាក់ធ្វើការទាំងថ្ងៃទាំងយប់។ បើមិនអីចឹងទេមិនអាចលើកទំនប់ទាន់ទេប្រាកដជាត្រូវទឹកលិចភូមិជាមិនខាន។

 

 

 

 

 

 

អ្នកខ្លះខំធ្វើម្ហូបអាហារដើម្បីបំប៉នកម្លាំងក្រុមការងារ។ នៅទីបញ្ចប់ ពួកគេអាចសម្រេចបានសមិទ្ធផលដ៏សំខាន់មួយគឺទំនប់ទឹកដែលអាចបានជាជញ្ជាំងខណ្ឌទឹកជំនន់ដោយជោគជ័យ។ នៅទីនេះមិនអាចបណ្ដោយឲ្យលិចទឹកបានទេព្រោះជាទីកន្លែងតាំងនៅនៃផ្ទះរបស់អ្នកស្រុក, ផ្ទះល្វែង, សាលាមត្តេយ្យ និងមណ្ឌលសុខភាព។ រូបវីឌីអូឃ្លីបដែលថតបានដោយយន្តហោះដ្រូនបានបង្ហាញថាទំនប់ទឹកនេះពិតជាបានការពារភូមិនេះមិនឲ្យទទួលរងការលិចលង់ពីទឹកជំនន់យ៉ាងល្ហល្ហាច។ ដើមឈើខ្លះលិចរហូតដល់ផុតចុង។

 

បើគេក្រឡេកទៅមើលតំបន់ភ្នំឱរ៉ាល់ (Urals) របស់រុស្ស៊ី និងប្រទេសកាហ្សាក់ស្ថានភាគខាងជើង គេឃើញថាទីនោះរង់ការលិចលង់ដោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន។ បញ្ហានេះកើតឡើងដោយការធ្លាក់ទឹកកកខ្លាំង និងរលាយយ៉ាងឆាប់រហ័ស។ ម៉្យាងទៀតមានភ្លៀងធ្លាក់ខ្លាំងនៅលើតំបន់ដែលមានទឹកដក់ស្រាប់ដោយសារការធ្លាក់ទឹកកក៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024