ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ីអាកាសយានដ្ឋានជាច្រើនត្រូវបិទ ខណៈផេះទៅដល់ប្រទេសម៉ាឡេស៊ី

 

 

 

ផ្ទុះភ្នំភ្លើង នៅប្រទេសឥណ្ឌូនេស៊ី បានបង្ខំឱ្យអាកាសយានដ្ឋានចំនួន៧កន្លែង ត្រូវបិទទ្វារលែងដំណើរការដើម្បីរក្សាសុវត្ថិភាព ខណៈដែលផេះភ្នំភ្លើងសាយភាយទៅដល់ប្រទេសម៉ាឡេស៊ី។ នេះបើតាមការឱ្យដឹងពីមន្ត្រីឥណ្ឌូនេស៊ីនៅថ្ងៃ(៣០មេសា) ។ ស្របគ្នាអាជ្ញាធរ ប្រញ៉ាប់ប្រញ៉ាល់ជម្លៀសប្រជាជនរាប់ពាន់នាក់ដោយសារការបារម្ភពីរលកយក្សស៊ូណាមិ។ 

 

ភ្នំភ្លើងRuang របស់ប្រទេសឥណ្ឌូនេស៊ីផ្ទុះ៣ដងនៅថ្ងៃអង្គារ បញ្ចេញកម្អែភ្នំភ្លើង និងផេះចម្ងាយជាង៥គីឡូម៉ែត្រទៅលើមេឃ ដែលនេះត្រូវបង្ខំឱ្យអាជ្ញាធរត្រូវចេញបញ្ជាជម្លៀសប្រជាជន១២០០០នាក់។ នាវាសង្គ្រោះមួយគ្រឿង និងនាវាចម្បាំងមួយគ្រឿង ត្រូវដាក់ពង្រាយដើម្បីជួយជម្លៀសប្រជាជនដោយសារការបារម្ភពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិ។ 

 

លោកស្រី Rosalin Salindeho ប្រជាជនឥណ្ឌូនេស៊ីវ័យ៩៥ឆ្នាំ បានរៀបរាប់ដូច្នេះថា «ភ្នំភ្លើង ផ្ទុះឡើងពិតជាគួរឱ្យភ័យខ្លាចខ្លាំងណាស់។ មានថ្មយ៉ាងច្រើន។ ភ្នំភ្លើងផ្ទុះខ្លាំងសូម្បីតែផ្ទះជាច្រើនដែលស្ថិតនៅឆ្ងាយក៏ទទួលរងគ្រោះ»។ 

 

ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃពុធ បានបង្ហាញរូបភាពផេះភ្នំភ្លើងដែលសាយភាយទៅដល់តំបន់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅកោះBorneo ។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024