ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា ត្រៀមរៀបចំហ្វឹកហ្វឺនសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ១៩

២៦ មីនា ២០២១ | ព័ត៌មានជាតិ

អង្គភាពស៊ីម៉ាក់ និងក្រសួងសុខាភិបាល កំពុងសហការគ្នា ត្រៀមលក្ខណៈធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអោយដឹងថា អង្គភាពស៊ីម៉ាក់ បានត្រៀមសត្វសុនខ ត្រៀមឯកសារ ទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេស សម្រាប់បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។ 

 


បើតាមឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)   ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំមកនេះ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូវីដ១៩បាន។ ក្នុងនោះអង្គភាពស៊ីម៉ាក់ ក៏ត្រៀមសត្វសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសម្រាប់បម្រើ ការងារសិក្សាស្រាវជ្រាវនេះ ដោយសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។ 

 


ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្ថែមថា ផ្អែកតាមគំនិតផ្តួចផ្តើមនិងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាលនិងអង្គភាពស៊ីម៉ាក់ ឱ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ដោយមានក្រុមអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រនិងក្រុមអ្នកជំនាញសុនខសិក្សារួមគ្នា។ ហើយគំនិតផ្តួចផ្តើមនេះ បង្ហាញពីការគិតគូររបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ។ 

 


គួរបញ្ជាក់ថា នៅក្នុងពិភពលោក មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុងប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុស១៩នេះ ។ ដោយឡែកដើម្បីរៀបចំត្រៀមលក្ខណៈធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នេះ កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក៏បានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំងផងដែរ៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024