ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

យុទ្ធនាការសំអាតកម្ពុជា ជំរុញឱ្យមានការទុកដាក់សំរាមត្រឹមត្រូវ និងជាចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

០៧ ឧសភា ២០២៤ | ព័ត៌មានជាតិ


យុទ្ធនាការសំអាតកម្ពុជា គឺជាជំហានបន្ទាប់របស់យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន។ យុទ្ធនាការនេះ ត្រូវបានដាក់អនុវត្តនៅតាមមូលដ្ឋាន ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋ ក្នុងការចំណាយពេលសំអាត និងប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមមូលដ្ឋានរបស់ខ្លួន។

 


យុទ្ធនាការសំអាតកម្ពុជា បានជំរុញឱ្យអ្នកចូលរួម ចេញមកប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសចូលរួមពង្រឹងចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

 

 

យុទ្ធនាការសម្អាតកម្ពុជានេះ គឺជាជំហានបន្ទាប់ របស់យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននិងបានចាប់ផ្តើមអនុវត្តនៅតាមមូលដ្ឋានមួយចំនួនក្នុងស្រុលអូររាំងឪ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមសាលារៀនទាំង ព្រះសង្ឃ រួមទាំងចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានស្ម័គ្រចិត្ត ចំណាយពេលត្រឹម១៥នាទី ចូលរួមសហការគ្នា ចេញសំអាត ប្រមូលទុកដាក់សំរាម ជាពិសេសសំណល់ប្លាស្ទិកនៅក្នុងផ្ទះ ជុំវិញផ្ទះ សាលារៀន វត្តអារាម តាមដងផ្លូវ ទីសាធារណៈ។  

 

 

ទន្ទឹមនឹងយុទ្ធនាការនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលបានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលជោគជ័យ មានការចូលរួម ពីមនុស្សចំនួនប្រមាណជិត ៨លាននាក់ នាពេលកន្លងមក ឱ្យបន្តចលនាសម្អាតកម្ពុជា ឱ្យបានផុសផុល ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ ភាពស្អាតរបស់កម្ពុជាយើង ហើយយុទ្ធសាស្ដ្រនេះមានភាពប្រទាក់ក្រឡាគ្នាពីភាពស្អាតខាងក្នុង ភាពស្អាតខាងក្រៅ និងភាពស្អាតនៅស្រុកខ្មែររបស់យើង។

 

 

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា មូលហេតុដែលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់ផ្ដើមពីសិស្សសាលារៀនរហូតមក គឺជាការជំរុញ ការកែប្រែផ្នត់គំនិតស្អាតខាងក្នុងរបស់សិស្សានុសិស្សរបស់យើង។ បើគាត់ចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅពេលនេះ នាពេលអនាគតពេលដែលគាត់ធំដឹងក្ដី មានប្រពន្ធ មានកូន មានចៅទៅ នោះពួកគេនឹងឈប់ប្រើប្រាស់ថង់ប្លាស្ទិករហូតទៅ។

 

 

សូមបញ្ជាក់ដែរថា យុទ្ធនាការសម្អាតកម្ពុជា គឺជាជំហានបន្ទាប់ របស់យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺផ្តោតលើមុំយុទ្ធសាស្រ្តបី ក្នុងនោះ ភាពស្អាត ភាពបៃតង និងចីរភាព។ យុទ្ធនាការសម្អាតកម្ពុជា មានភាពប្រទាក់ក្រឡាគ្នាពីភាពស្អាតខាងក្នុង ភាពស្អាតខាងក្រៅ និងភាពស្អាតនៅកម្ពុជា ដែលផ្តោតសំខាន់លើសកម្មភាពអាទិភាពចំនួន៣គឺ៖ទី១.ប្រជាពលរដ្ឋនៅតាមភូមិនានា បានកំណត់អនុវត្តព្រមគ្នាក្នុងពេលតែ១ ចូលរួមសំអាតអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក។ ទី២. អ្នកចូលរួមបានប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ នៅកន្លែងដែលអាជ្ញាធរ បានកំណត់សម្រាប់បញ្ជូន ទៅសេវាប្រមូល ដឹកជញ្ជូនបន្តទៅទីលាន ហើយជាពិសេសបានកាត់បន្ថយសំណល់ យកទៅចាក់នៅតាមទីលានមួយកម្រិត។  
និង ទី៣. ប្រមូលយកសំរាមទាំងនោះ មកកែច្នៃឡើងវិញ ជាជំហានបន្តបន្ទាប់ទៀត ដែលទាំងនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ភាពស្អាតរបស់កម្ពុជា៕
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ ក្រសួងបរិស្ថាន 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024