ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

ស៊ីម៉ាក់ ប្រាប់ពលរដ្ឋឲ្យបង្កើនការប្រុងប្រយត្ន័ចំពោះគ្រាប់មីន ដែលអាចរសាត់តាមទឹកហូរខ្លាំង

១៧ តុលា ២០២០ | ព័ត៌មានជាតិ

ទឹកជំនន់ទឹកភ្លៀង ក្រៅតែពីបានបង្កផលប៉ះពាល់ជាច្រើន ក្នុងនោះ ការងារបោសសំអាតមីន ក៏កំពុងជួបបញ្ហាប្រឈម ជាពិសេសនៅតំបន់ទឹកជំនន់។ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រក ត្រូវបង្កើនការប្រុងប្រយត្ន័ ចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ពីព្រោះគ្រាប់មីនមួយចំនួន ត្រូវបានប្រះឃើញ ដោយសារការហូរច្រោះដីរសាត់ទៅទីតាំងផ្សេង។

 


គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួនហើយ ត្រូវបានប្រទះឃើញរសាត់តាមទឹកហូរខ្លាំងមកពីតំបន់ដែលមានមីន ទៅកាន់ទីតាំងផ្សេង។ រូបភាពគ្រាប់មីនទាំងនេះ នៅទិស ខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដែលជាខេត្តក្នុងចំណោមខេត្ត ក្រុងជាច្រើន កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។


ជាមួយនឹងស្ថានភាពគ្រោះថ្នាក់បែបនេះ ជាពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់រងផលប៉ះពាល់ដោយសារមីន ឯកឧត្តម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កើនការប្រុងប្រយត្ន័ចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង។ ក្នុងករណីប្រទះឃើញ ឬវត្ថុអី្វមួយសង្ស័យថាជាគ្រាប់មីន ឬជាសំណល់គ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍មកអាជ្ញាធរ កំលាំងប៉ូលិសមូលដ្ឋាន ឬកំលាំងស៊ីម៉ាក់ផ្ទាល់ ដើម្បីដោះស្រាយ។

 


ជាមួយគ្នានេះដែរ អាជ្ញាធរមីនបានចេញសេចក្ដីណែនាំឲ្យអាជ្ញាធរ អង្គការពាក់ព័ន្ធអស់ចូលរួមបង្កើនការប្រុងប្រយ័ត្ន និងផ្សព្វផ្សាយដល់ពលរដ្ឋតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ អាជ្ញាធរត្រូវដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់ នៅតំបន់ដែលសង្ស័យថា មានមីនឬគ្រាប់មិនទាន់ផ្ទុះ ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់ក្បែរតំបន់សង្ស័យ។ 

 


បន្ថែមពីនេះ អាជ្ញាធរត្រូវបន្តចុះទៅអប់រំឲ្យបានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីទួលសុវត្ថិភាពនានា ក៏ដូចជាតំបន់ដ៏ទៃទៀត ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់ទាំងនោះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024