ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

ជិត ១ឆ្នាំមកនេះ ស៊ីម៉ាក់ បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាង ១លាននាក់ ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន

២៣ ធ្នូ ២០២០ | ព័ត៌មានជាតិ

ក្រៅពីការបោសសម្អាតគ្រាប់មីន និងរំដោះផ្ទៃដីចំការមីន ឲ្យប្រែក្លាយជាដីស្រែចំការដំណាំឡើងវិញ អង្គភាពស៊ីម៉ាក់ បានសហការជាមួយកម្លាំងនគរបាលជាតិ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ស៊ីម៉ាក់ បានឲ្យដឹងថា ក្នុងរយៈពេលជិត ១ឆ្នាំកន្លងមកនេះ មនុស្សជាង ១លាននាក់ ទទួលបានការអប់រំយល់ដឹងអំពីបញ្ហាមីន។ 

 


ការងារអប់រំយល់ដឹង និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណលជាតិផ្ទុះពីសង្គ្រាម បាននិងកំពុងអនុវត្តយ៉ាងសកម្មរវាងកំលាំងនគរបាលជាតិ និងកំលាំងអង្គភាពស៊ីម៉ាក់សហការគ្នាយ៉ាងជិតសិ្នត ក្នុងក្របខ័ណ្ឌអនុវត្តគោលនយោបាយជាតិ គឺការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ នេះជាការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ នៅដើមសប្តាហ៍នេះ។

 


ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តែងក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ សម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់ ក្នុងនោះ បានផ្តល់ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួនជាង ១៧.០០០លើក ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋបានចំនួនជិត ៦០០.០០០ខ្នងផ្ទះ គិតជាមនុស្សចំនួនជិត ១លាន ២សែននាក់។  

 


អគ្គនាយកស៊ីម៉ាក់បានកត់សំគាល់ថា លទ្ធផលនេះបានឆ្លើយតបសំណើជួបគ្រាប់បន្ទាន់ៗ របស់ប្រជាពលរដ្ឋជាង ៦.០០០ករណី ដែលបានបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះគ្រប់ប្រភេទចំនួនជិត ១០.០០០គ្រាប់។ លើសពីនេះទៀត សកម្មភាពសហការអនុវត្តន៍គោលនយោបាយជាតិនេះ មិនត្រឹមតែជាវិធានការទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប៉ុណ្ណោះទេ តែជាការចូលរួមចំណែកក្នុងការពង្រឹងសន្តិសុខជាតិផងដែរ។

 


សូមជម្រាបថា ទោះបីជាស្ថិតក្នុងដំណាក់រាតត្បាតនៃជំងឺឆ្លងកូវីត១៩ ក៏ដោយ ក៏កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានប្រព្រឹតិ្តទៅដោយរលូន និងបានទទួលលទ្ធផលគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ២០២០នេះ អង្គភាពស៊ីម៉ាក់បានដាក់ផែនការរំដោះផ្ទៃដីចំការមីន/ចំការគ្រាប់ឲ្យបានចំនួន ១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីនឲ្យបានចំនួន ៤ម៉ឺនគ្រាប់។

 


អគ្គនាយកស៊ីម៉ាក់ បានបង្ហាញមោទនភាពដែលមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ បានរួមចំណែកក្នុងការស្តារសង្គមជាតិឡើងវិញ តាមរយៈការបោសសំអាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយបានរំដោះផ្ទៃដីចំការមីន ឲ្យប្រែក្លាយជាដីស្រែចំការដំណាំឡើងវិញ៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024