ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

មិនមែនអត់ហាងឆេងទេតែ សំណាង អេលីណា សុខចិត្តផ្អឹបឱកាសល្អៗចោល ព្រោះហេតុផលទាំងនេះ!

០៧ ឧសភា ២០២៤ | កម្សាន្ដ

 

ទើបតែថតបញ្ចប់រឿងភាគថ្មីរបស់ ភីអិនអិន ដែលមានចំណងជើងថា « កោះទ្រង់អន្លង់ស្នេហ៍ » ក៏ពិតមែន តែតារាស្រី សំណាង អេលីណា មិនមានគម្រោងថតរឿងថ្មីជាបន្តទៀតដែរ ដោយនាងបានផ្អឹបឱកាសល្អៗជាច្រើនចោល ដោយមិនស្តាយស្រណោះ។ 

 

 

កញ្ញា សំណាង អេលីណា គឺជាតួឯកស្រីប្រចាំនៅក្នុងរឿងភាគជាច្រើនរបស់ទូរទស្សន៍ ភីអិនអិន ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ នេះ នាងទើបតែថតបញ្ចប់រឿងថ្មីដែលមានចំណងជើងថា « កោះទ្រង់អន្លង់ស្នេហ៍ » ។

 

 

 ថ្វីដ្បិតតែថតបញ្ចប់រឿងនេះកាលពីពេលថ្មីៗក៏ពិតមែននាង នៅតែមិនទទួលថតរឿងភាគ ឬ រឿងដុំឱ្យខាងផលិតកម្មណាទាំងអស់ បើទោះបីជាមានបណ្តាផលិតកម្មជាច្រើនបានទាក់ទង និងចង់ឱ្យថត ក៏នាងមិនទទួលដែរ ។ 

 

 

ជុំវិញនៃការបដិសេដមិនទទួលថតរឿងឱ្យផលិតកម្ម ឬ ក្រុមហ៊ុនណាមួយនោះ ត្រូវបាន អេលីណា បញ្ជាក់ប្រាប់ថា តាមពិតមានអ្នកហៅនាងថតច្រើនដែរ ទាំងរឿងដុំ និងរឿងភាគ ប៉ុន្តែនាង មិនទទួល ដោយនាងបានបោះបង់ឱកាសល្អទាំងនោះចោល បើទោះបីជាគេបានឱ្យតម្លៃខ្លួននាងខ្ពស់យ៉ាងណា  ក៏នាងមិនទទួលថតដែរ សព្វថ្ងៃនាងទទួលថតឱ្យតែទូរទស្សន៍ ភីអិនអិន មួយប៉ុណ្ណោះ ។  

 


សម្រាប់រឿងភាគថ្មីដែល សំណាង អេលីណា ទើបតែថតបញ្ចប់ឱ្យទូរទស្សន៍ ភីអិនអិន នេះមានចំណងជើងថា « កោះទ្រង់អន្លង់ស្នេហ៍ » ដោយអ្នកដឹកនាំរឿងបានជ្រើសរើសនាងសម្តែងជាមួយតួឯកប្រុសឈ្មោះ លី សុខគឹមសាន ហៅ ប្រុសខួច ។ 

 

 

កញ្ញា សំណាង អេលីណា មិនទទួលថតរឿងច្រើនដូចជាសិល្បការិនីផ្សេងទៀត គឺដោយសារនាងជាប់រវល់និងការសិក្សា និង ការងារផ្ទាល់ខ្លួន ។ តាមពិតអាជីពសម្តែងគ្រាន់តែជាអាជីពបន្ទាប់បន្សំប៉ុណ្ណោះ គោលបំណងធំរបស់នាង គឺចង់បញ្ចប់ការសិក្សាដើម្បីបំពេញការងារនៅក្នុងស្ថានប័ណ្ណធំ ឬ ស្ថានទូត ណាមួយក្នុងប្រទស កម្ពុជា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ភីអិនអិន 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024