ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

អង្គភាពស៊ីម៉ាក់ បង្កើតទីតាំងសុនខជាតិ ដើម្បីបង្កាត់ និងហ្វឹកហ្វឺនជំនាញនានា

២១ ធ្នូ ២០២០ | ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក បានអះអាងថា ស៊ីម៉ាក មានមហិច្ឆិតា ប្រែក្លាយកម្ពុជា ទៅកន្លែងផលិតសុនខជំនាញខាងសន្តិសុខ។ ពេលនេះ អង្គភាពស៊ីម៉ាក់ បាន និងកំពុងរៀបចំទីតាំងសម្រាប់សុនខ ឲ្យមានផាសុខភាព និងស្របតាមលក្ខណៈបច្ចេកទេស។ 

 


ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងនៅថ្ងៃទី១៨ ខែធ្នូនេះថា ស៊ីម៉ាក់កំពុងតែខិតខំធ្វើការរៀបចំសំណង់សំរាប់សុនខ ដែលខែ្មរអាចធ្វើដោយខ្លួនឯងពេលនេះ ត្រូវធានាឱ្យមានភាពរឹងមាំ មានសោភណ្ឌ័ភាព មានផាសុខភាពសំរាប់សុនខ និងត្រូវតែស្របតាមលក្ខណៈបច្ចេកទេស។

 


ឯកឧត្តមបានអះអាងថា អង្គភាពស៊ីម៉ាក់ពិតជាមានមហ្ឆិតាប្រែក្លាយទីតាំងសុនខនេះ ក្លាយជាទីតាំងសុនខជាតិមួយរបស់រាជរដ្ឋាភិបាល ក្នុងការធានាផលិតសុនខ ហ្វឹកហ្វឺនសុនខលើគ្រប់ជំនាញមានដូចជា៖ សុនខសន្តិសុខគ្រួសារ សុនខប្រឆាំងភេវរកម្ម សុនខការពារព្រំដែន សុនខស្វែងរកគ្រឿងញៀន សុនខហិតរកបទល្មើសសត្វព្រៃ សុនខហិតជាតិផ្ទុះ ដោយអាចបង្កាត់សុនខហ្វឹកហ្វឺនជំនាញនានា និងអាចនាំចេញទៅបរទេសផងដែរ។

 


ជាក់ស្តែង ក្នុងឆ្នាំ២០២១ខាងមុខនេះ មានសុនខស៊ីម៉ាក់ចំនួន ៨ក្បាល ត្រូវជាវពីអង្គភាពស៊ីម៉ាក់តាមរូបភាពហ្វឹកហ្វឺនជំនាញ ដែលជាតំរូវការនៃប្រទេសនោះ និងជាវសុនខទាំងនោះតែម្តង ព្រមទាំងអាចគាំទ្រអ្នកជំនាញទៅជួយបំពេញបន្ថែមជូនទៀតផង។ នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកស៊ីម៉ាក។ 

 


គួរឲ្យដឹងថា នេះជាមោទនភាពមួយរបស់កម្ពុជាតាមរយៈអង្គភាពស៊ីម៉ាក់ ដែលបានរៀបចំទីតាំងសម្រាប់សុខនរស់នៅដោយផាកសុខភាព និងបង្កាត់ពូជ។ ក្នុងឆ្នាំ២០២០នេះ ស៊ីម៉ាក់ បានបង្កាត់សុនខហិតមីនបានប្រមាណជាង ២០០ក្បាល ខណៈដែលសុនខហិតមីនត្រូវទិញពីបរទេសក្នុងតម្លៃពី ៣ម៉ឺនទៅ ៥ម៉ឺនដុល្លារក្នុង១ក្បាល។

 


បច្ចុប្បន្ន កម្ពុជាបានឈប់នាំចូលសុនខហិតមីនពីបរទេស ព្រោះកម្ពុជាមានធនធាន និងសមត្ថភាព ផលិតនៅក្នុងស្រុកបានដោយមានគុណភាពខ្ពស់។ សុនខហិតមីន បាននឹងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការរំដោះផ្ទៃដីដែលមានមីននៅក្នុងប្រទេសកម្ពុជា និងបានជួយដល់មន្ត្រីស៊ីម៉ាក់ ជាច្រើនក្នុងការបោសសម្អាតមីន និងកាត់បន្ថយពេលវេលា។ សុនខទាំងនេះ មានជំនាញហិតមីនដែលកប់នៅក្នុងដី និងសារធាតុផ្ទុះផ្សេងៗមួយចំនួនទៀត ដែលឧបករណ៍ខ្លះមិនអាចរកឃើញ។ មិនតែប៉ុណ្ណោះ សុនខហិតមីន ក៏ជាជំនួយការដ៏ពិសេសរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកនូវសារធាតុញៀន និងជនសង្ស័យជាដើម៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024