ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ គ្រោងបំពាក់ម៉ូទ័របូមទឹក ២គ្រឿងបន្ថែម នៅស្ថានីយបូមទឹកបឹងទំពុន ដើម្បីបង្កើនសមត្ថភាពរំដោះជំនន់ទឹកភ្លៀង

០៧ ឧសភា ២០២៤ | ព័ត៌មានជាតិ


អាជ្ញាធររាជធានីភ្នំពេញ គ្រោងបំពាក់ម៉ូទ័របូមទឹក ២គ្រឿងបន្ថែម នៅស្ថានីយបូមទឹកបឹងទំពុន ដើម្បីបង្កើនសមត្ថភាពរំដោះជំនន់ទឹកភ្លៀង។ បច្ចុប្បន្ន ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយ៍បូមទឹក ដែលសមត្ថភាពបូមទឹកធំជាងគេ ក្នុងរាជធានីភ្នំពេញ មានតួនាទីបូមរំដោះទឹកចេញពីខណ្ឌទួលគោក សែនសុខ ខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល ជាដើម។

 


ស្ថានីយបូមទឹកបឹងទំពុន ដែលជាស្ថានីយ៍បូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ គ្រោងបំពាក់ម៉ូទ័របូមទឹក ២គ្រឿងបន្ថែម នៅ ដើម្បីបង្កើនសមត្ថភាពបូមរំដោះទឹកឲ្យបាន៤៥ម៉ែត្រគូបក្នុង១វិនាទី សំដៅកាត់បន្ថយជំនន់ទឹកភ្លៀងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណៈដែរបច្ចុប្បន្នស្ថានីយបូមទឹកនេះ បានបំពាក់ម៉ូទ័របូមទឹកចំនួន១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៣៣ម៉ែត្រគូបក្នុង១វិនាទី ។ នេះបើតាមការបញ្ជាក់របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភានេះ។

 


នៅក្នុងដំណើរចុះទៅពិនិត្យស្ថានីយបូមទឹកបឹងទំពុន និងប្រឡាយស្ថានីយបឹងត្របែក នាព្រឹកថ្ងៃនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជានៅខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល។ 

 


ឯកឧត្តម បានបន្ថែមថា ដើម្បីរំដោះជំនន់ទឹកភ្លៀង ដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធររាជធានីភ្នំពេញ ក៏មានគម្រោងរៀបចំស្ថានីយបូមទឹកបន្ថែម និងស្តារប្រឡាយ ដែលមានចំនួន៥០គម្រោងផងដែរ ។

 


គួរបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ មកដល់ពេលនេះមានស្ថានីយបូមទឹកចំនួន ១៤កន្លែង ត្រូវបានតម្លើងនិងបានកំពុងដែលតួនាទីយ៉ាងសំខាន់ បូមរំដោះទឹកចេញពីរាជធានីភ្នំពេញ។ រៀងរាល់នៅរដូវវស្សាម្តងៗ តំបន់មួយចំនួននៅរាជធានីភ្នំពេញតែងជួបការលិចលង់នៅពេលមានទឹកភ្លៀងធ្លាក់ខ្លាំង ។

 

 

បន្ថែមលើនេះ ជំនន់ទឹកស្ទឹងព្រែកត្នោត ក៏ជាការគំរាមកំហែងរាជធានីភ្នំពេញផងដែរ នៅភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានអនុម័តចំណាយថវិកាប្រមាណ ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅក្នុងរាជធានីភ្នំពេញ ។ គម្រោងនេះ គឺផ្តោតទៅលើការបញ្ចៀសទឹកពីប៉ែកខាង កុំឲ្យហូរចូលមកក្នុងរាជធានីភ្នំពេញ និងការដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងទីក្រុងដែលមានស្រាប់៕
 

 

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024