ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ជោគវាសនាកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សានៅមិនទាន់ច្បាស់លាស់ខណៈអ៊ីស្រាអ៊ែលសច្ចាបន្តការវាយប្រហារ

 

 

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់( Hamas) នៅថ្ងៃច័ន្ទ(៦ឧសភា) បានយល់ព្រមទៅលើសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា( Gaza) ពីអ្នកសម្រុះសម្រួល ប៉ុន្តែអ៊ីស្រាអែលនិយាយថា លក្ខខណ្ឌមិនឆ្លើយតបទៅនឹងការទាមទាររបស់ខ្លួនហើយក៏នៅបន្តការវាយប្រហារលើទីក្រុង Rafah  នៅពេលស្របគ្នាដែរ អ៊ីស្រាអ៊ែលក៏រៀបចំបន្តការចរចារលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។ 

 

ការវិវត្តន៍ចុងក្រោយក្នុងសង្គ្រាមរយៈពេល៧ខែ ធ្វើឡើងខណៈយោធាអ៊ីស្រាអ៊ែលវាយប្រហារលើទីក្រុងRafah ពីដែនអាកាសនិងដីគោក ហើយនិងបញ្ជាពលរដ្ឋជម្លៀស។ ទីក្រុងRafahជាទីជម្រកជនភៀសខ្លួនប៉ាលេស្ទីនច្រើនជាង១លាននាក់។

 

ក្រុមហាម៉ាស់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបថា លោក Ismail Haniyeh ប្រធានក្រុមអ្នកចរចាររបស់ខ្លួន បានជូនដំណឹងទៅអ្នកសម្របសម្រួលពីប្រទេសកាតា និងអេហ្ស៊ីបថា ក្រុមទទួលយកសំណើររបស់ពួកគេសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។

 

ប៉ុន្តែពីការិយាល័យរបស់លោកBenjamin Netanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានលើកឡើងថា សំណើរកិច្ចព្រមព្រៀងថ្មីចុងក្រោយបំផុតរបស់ក្រុមហាម៉ាស់ មិនស្របតាមការទាមទាររបស់ខ្លួនឡើយ ប៉ុន្តែអ៊ីស្រាអ៊ែលនឹងបញ្ជូនប្រតិភូក្រុមអ្នកចរចារដើម្បីជួបជាមួយអ្នកសម្របសម្រួល ក្នុងបំណងឈានទៅសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់។
 

នៅក្នុងសេចក្តីថ្លែងការណ៍ ការិយាល័យរបស់លោកNetanyahu បន្តថា គណៈរដ្ឋមន្ត្រីរបស់ខ្លួន ឯកភាពបន្តការវាយប្រហារនៅទីក្រុងRafah។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024