ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រូបមន្ត “យកគ្រួសារទ័ព ចិញ្ចឹមទ័ព តាមរយៈក្រុមហ៊ុនឯកជន ” បានជួយពង្រឹងស្មារតីរបស់កងទ័ព និងជួយគ្រួសារទ័ព មានជីវភាពប្រសើរ

២៩ មករា ២០២១ | ព័ត៌មានជាតិ

រូបមន្ត “យកគ្រួសារទ័ព ចិញ្ចឹមទ័ព តាមរយៈក្រុមហ៊ុនឯកជន” ជារូបមន្ត ដែលត្រូវបានប្រើប្រាស់​ប្រែក្លាយជំនួយសម្ព័ន្ធមេត្រីភាពពីការដោះស្រាយបញ្ហាចំពោះមុខ ទៅជាការជួយមួយផ្នែក​ទៅលើការធានានិរន្តរភាពរបស់អង្គភាព។ គោលការណ៍នេះ បានជួយឱ្យគ្រួសារទ័ព មានជីវភាពប្រសើរ និងពង្រឹងស្មារតីរបស់កងទ័ព ឱ្យកាន់តែមានលំនឹងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ។ 

 


ការប្រែក្លាយជំនួយសម្ព័ន្ធមេត្រីភាពពីការដោះស្រាយបញ្ហាចំពោះមុខ ទៅជាការជួយមួយផ្នែកទៅលើការធានានិរន្តរភាពរបស់អង្គភាព គឺជាកិច្ចការដែលបានគិតគូរ និងចាប់ផ្តើមសាកល្បងអនុវត្តជាយូរឆ្នាំមកហើយ និងក៏បានដំណើរការទៅមុខ ក្រោមរូបមន្ត “យកគ្រួសារទ័ព ចិញ្ចឹមទ័ព តាមរយៈក្រុមហ៊ុនឯកជន” ដែលជាគោលការណ៍ទិសដៅនៃការបង្វែរទិសទៅរកនិរន្តភាព និងភាពម្ចាស់ការ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ នៅខេត្តសៀមរាប។ 

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងបន្តថា គ្រួសារទ័ពដែលមានដីបង្ករបង្កើនផល គឺជាអ្នកផ្គត់ផ្គង់ទិន្នផលឱ្យក្រុមហ៊ុន ដែលជួយផ្នែកបច្ចេកទេស និងទីផ្សារដល់គ្រួសារទ័ពវិញ យ៉ាងណាក៏ដោយ ដើម្បីឱ្យគ្រួសារទ័ពមានជីវភាពប្រសើរ និងពង្រឹងស្មារតីរបស់កងទ័ពឱ្យកាន់តែមានលំនឹងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ចាំបាច់ត្រូវខិតខំអនុវត្តគោលការណ៍នេះ សំដៅធ្វើយ៉ាងណាឱ្យកងទ័ព និងគ្រួសារមានលទ្ធភាពចិញ្ចឹមខ្លួនឯងដោយប្រើប្រាស់យន្តការទីផ្សារនេះ បន្ថែមលើគោលរបប និងជំនួយឧបត្ថម្ភផ្សេងៗ។

 


ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ថាយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពីស្ថាប័នសហគ្រាសរដ្ឋ ឯកជន និងសប្បុរសជននានា ដល់កងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ 

 


គួរបញ្ជាក់ថា សិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ ដែលបានរៀបចំឡើងនេះ ក៏បានគាំទ្រទិសដៅនៃការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពឱ្យបម្រើទស្សនវិស័យយូរអង្វែង និងការសហការផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍន៍នានា ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខុមាលភាពគ្រួសារយោធិន តាមរយៈការខិតខំជំរុញសកម្មភាពនានាជាដើម៕

 

អត្ថបទ៖ សន រដ្ឋា ​    រូបភាព៖ ពីកងទ័ពជើងគោក 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024