ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

ទីលានបាញ់គ្រាប់ពិត កម្រិតស្តង់ដារអន្តរជាតិ នឹងលេចរូបរាងឡើង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំរាយ ខេត្តកំពង់ឆ្នាំង

២៨ តុលា ២០២០ | ព័ត៌មានជាតិ

ជាមោទកភាពថ្មី សម្រាប់វិស័យការពារជាតិកម្ពុជា គឺទីលានបាញ់គ្រាប់ពិតកម្រិតអន្ដរជាតិ នឹងលេចរូបរាងឡើង នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំរាយ ក្នុងខេត្តកំពង់ឆ្នាំង។  ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ក្រៅពីជាទីលានសម្រាប់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពកងទ័ព ទីលានបាញ់គ្រាប់ពិតនេះ ក៏នឹងត្រៀមសម្រាប់ទទួលធ្វើជាម្ចាស់ផ្ទះនៃជំនួបកាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន នៅឆ្នាំ២០២៤ ផងដែរ។ 

 


ក្រៅពីជាទីលានសម្រាប់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពកងទ័ព ទីលានបាញ់គ្រាប់ពិតកម្រិតស្តង់ដារអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយខេត្តកំពង់ឆ្នាំង នឹងក្លាយជាម្ចាស់ផ្ទះលើវិញ្ញាសាបាញ់កាំភ្លើង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះនៃជំនួបកាំភ្លើងដៃកងទ័ពជើងគោកអាស៊ានចាប់ពីឆ្នាំ២០២៤ផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅក្នុងដំណើរត្រួតពិនិត្យការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយនៅខេត្តកំពង់ឆ្នាំង ។

 


នៅក្នុងដំណើរត្រួតពិនិត្យការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំងនោះដែរ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានវាយតម្លៃខ្ពស់ និងកត់សំគាល់ថាការថវិការបស់រដ្ឋសម្រាប់ប្រើប្រាស់ ចំណាយលើកការសាងសងទីលានបាញ់គ្រាប់ពិតនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងមជ្ឈមណ្ឌលនេះ គឺមានតម្លាភាពត្រឹមត្រូវ ហើយសំណង់ក៏ធ្វើឡើងតាមស្ដង់ដារកំណត់ផងដែរ។

 


គួររំលឹកថា ទីលានបាញ់គ្រាប់ពិតរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ត្រូវបានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានជ្រើសរើសទីតាំងតំបន់ភ្នំជំរាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្រៅពីការរៀបចំទីលានបាញ់គ្រាប់ពិត ក៏មានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អាគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ និងស្ថានីយ៍ផលិតទឹកស្អាតផងដែរ៕

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024