ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

កងទ័ពជើងគោកកម្ពុជា ប្តេជ្ញាបន្តរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពប្រទេសមីយ៉ាន់ម៉ា

១០ ធ្នូ ២០២០ | ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានអនុញ្ញាតឱ្យអនុព័ន្ធយោធានៃប្រទេសមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណតិ្តបេសកកម្មនៅកម្ពុជា ក្រោយពីបានបំពេញភារកិច្ចអស់រយៈកាលជិតបីឆ្នាំកន្លងមកនេះ។ ក្នុងជំនួបនោះ មេបញ្ជាការកងទ័ពជើងគោក បានប្រាប់អនុព័ន្ធយោធានៃប្រទេសមីយ៉ាន់ម៉ាថា កងទ័ពជើងគោកកម្ពុជា នឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមីយ៉ាន់ម៉ា ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត។ 

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កងទ័ពជើងគោកកម្ពុជានឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមីយ៉ាន់ម៉ា ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត។ ការបញ្ជាក់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាដូចនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ត្រី Win Ko Ko អនុព័ន្ធយោធានៃប្រទេសមីយ៉ាន់ម៉ា ដែលបញ្ចប់អាណតិ្តបេសកកម្មនៅកម្ពុជា។

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ថា ឆ្នាំ២០២០នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលជាទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងមួយ។

 


នៅក្នុងជំនួបនោះដែរ ឧត្តមសេនីយ៍ត្រី Win Ko Ko អនុព័ន្ធយោធានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជាដែលបញ្ចប់អាណតិ្តបេសកកម្ម ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភម៉ាស់ និងសម្ភារៈបរិក្ខាពេទ្យដល់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានបង្កលក្ខណៈដល់បេសកកម្មករបស់ឯកឧត្តម ទទួលបានជោគជ័យ។ 

 


ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕

 

អត្ថបទ និងរូបភាព៖ សន រដ្ឋា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024