ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

កងទ័ពកម្ពុជា-វៀតណាម បន្តឯកភាពពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍ

០៣ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

កាលពីថ្ងៃទី២៨ ខែតុលា មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការបញ្ជាការដ្ឋាន​កងទ័ពការពារ​ព្រំដែនវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ បានជួបប ពិភាក្សា និងវាយ​តម្លៃលើ​លទ្ធផល​កិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារ​ព្រំដែន ​ក្នុងរយៈ​ពេល​កន្លងមក។ ក្នុងជំនួប​នោះ ថ្នាក់ដឹកនាំ​កងទ័ពកម្ពុជា-វៀតណាម ក៏បានប្រកាស បន្តឯកភាពពង្រឹង​ទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​​ប្រតិបត្តិ​​កា​រ​ ដើម្បីធានាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍ​សម្រាប់ប្រទេសទាំងពីរ។

 


ក្នុងជំនួបរវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ​ពល​ខេម​រ​​ភូ​មិ​ន្ទ​​ មេ​បញ្ជា​​​ការ​​កងទ័ពជើងគោក និងឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​​ការ​ពារ​ព្រំ​ដែន​​​ប្រទេសវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ភាគី​ទាំង​កម្ពុជា វៀតណាម បាន​​ឯកភាព​បន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​ឱ្យកាន់​តែ​សកម្ម​​រីក​​ចម្រើន​​ទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែន​សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។

 


ជាមួយគ្នានោះ កងទ័ពកម្ពុជាវៀតណាម ក៏បេ្តជា្ញបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើការងារ​អាទិភាព​​មួយចំនួន ដូចជា ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការ​រីករាលដាល​នៃ​ជំងឺកូវីដ-១៩ ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខណ្ឌសីមា និងការបោះ​បង្គោលព្រំដែនឱ្យបានឆាប់​ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេស​ទាំងពីរ ការជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះ​បណ្តាលធនធានមនុស្ស ជាដើម។


គួរបញ្ជាក់ថា ក្នុងជំនួបរវាងមេ​បញ្ជា​​​ការ​​កងទ័ពជើងគោក និងមេបញ្ជាការបញ្ជាការដ្ឋានកងទ័ព​ការ​ពារ​ព្រំ​ដែន​​​ប្រទេសវៀតណាមនោះ​ ភាគីទាំងពីរ​ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ រាប់ចាប់​តាំងពីឆ្នាំ២០០៤ មក ដែល​គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណង​មិត្តភាព​រវាង​ប្រទេស និងប្រជាជនទាំងពីរ និង​ថែរក្សា​បាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផលដល់ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយ​សុខ​សាន្ត​របស់ប្រជាជនទាំងសងខាង៕

 

អត្ថបទនិងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024