ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

បញ្ជាការដ្ឋានកង​​ទ័ពជើង​គោក ផ្តល់អាវរងារជាអំណោយរបស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​​​​កិត្តិ​​ព្រឹទ្ធបណ្ឌិត ជូនអង្គភាពក្រោមចំណុះ

១៧ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

បញ្ជាការដ្ឋានកង​​ទ័ពជើង​គោក នៃកងយោធពលខេមរ​ភូមិន្ទ បានផ្តល់អាវរងារជូន​​កងកម្លាំងស្ថិ​ត​ក្នុង​​អង្គភាព​ក្រោមចំណុះ ដើម្បីទុកប្រើប្រាស់នៅក្នុងអំឡុងពេលអាកាសធាតុ​ចុះត្រជាក់។ អាវរងារ​ដែល​ផ្តល់ជូនកងកម្លាំងនេះ ជារបស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន​សែន​។

 

 

អាវរងារដែលជាអំណោយរបស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​​​​កិត្តិ​​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន​សែន​ ត្រូវបានប្រគល់ជូនដល់កងកម្លាំង នៅតាមអង្គភាពនានាចំណុះក្រោមបញ្ជាការ​ដ្ឋាន​កង​​​ទ័ពជើង​គោក នៃកងយោធពលខេមរ​ភូមិន្ទ ទុកប្រើប្រាស់នៅក្នុងអំឡុងពេលអាកាស​ធាតុចុះត្រជាក់។

 

 

ក្នុងពិធីចែកអាវរងាជូនដល់កងកម្លាំង នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ខេត្តតាកែវ កាលពីចុង​សប្តាហ៍កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ​ភូមិន្ទ មេបញ្ជាការកង​​ទ័ពជើង​គោក បានបញ្ជាក់ថា ការផ្តល់ជូន​អាវរងារនេះ ជាការយកចិត្តទុកដាក់​របស់ សម្តេចតេជោ ហ៊ុន សែន​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ​ ទាំងអស់ព្រមទាំងក្រុមគ្រួសារ ដែលបានខិត​ខំប្រឹង​ប្រែង ក្នុងការបំពេញភារកិច្ចអស់ពីកម្លាំង​កាយ​ចិត្ត ក្នុងការការពារសន្តិសុខ សន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។

 

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ក៏បានកោតសរសើរដល់កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ចំពោះការចូលរួម​គ្រប់រូបភាព​ក្នុងការជួយ ការពារទឹកដី សុខសន្តិភាព ស្ថិរភាព ជូនប្រទេសជាតិ និងប្រជាជន ក៏ដូចជា​ចូលរួម​ក្នុងសកម្មភាពនានាដូចជា ការជួយដល់ប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន ហើយថ្មីៗ​នេះបានចុះ​ជួយជាប្រចាំដល់​សកម្មភាពគ្រោះមហន្តរាយនានាដូចជាទឹកជំនន់ និងជាពិសេសជួយ​ទប់ស្កាត់​ការរីក​រាល​​ដាលនៃជម្ងឺកូវីដ-១៩នៅក្នុងអង្គភាពក៏ដូចជា​ភូមិ​សាស្ត្រ​ឈរ​ជើង​របស់ខ្លួន។

 

 

ជាមួយគ្នា ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏អំពាវនាវដល់កងកម្លាំងទាំងអស់ ត្រូវចូលរួមយកចិត្ត​ទុក​ដាក់​ខ្ពស់​គ្រប់​​ពេល​​​វេលា​ក្នុងការបន្តអនុវត្តវិធានរបស់​សុខាភិបាល រួមមានពាក់ម៉ាស់ លាងដៃនឹងអាកុលឬ​​សាប៊ូ រក្សាគម្លាតសុវត្ថិភាព រក្សាអនាម័យ​ខ្ពស់ ដើម្បីទប់ស្កាត់នូវ​ការឆ្លង​រាលដាលនូវជំងឺកូវីដ–១៩នៅ​ក្នុង​ប្រទេសកម្ពុជា ។

 

គួរបញ្ជាក់ថា ក្រៅពីផ្តល់អាវរងារជូនកងកម្លាំងប្រដាប់អាវុធ នៅបញ្ជាការដ្ឋាន​វិស្វកម្មកង​ទ័ពជើងគោក ខេត្តតាកែវ បញ្ជាការដ្ឋានកង​​ទ័ពជើង​គោក ក៏បានផ្តល់អាវរងារដូចគ្នានេះជូន​យោធ​ភូ​មិ​ភាគទី៥ យោធភូមិភាគទី១ យោធភូមិភាគទី២ និងយោធភូមិភាគទី៤ផងដែរ ៕

 

អត្ថបទ និងរូបភាព៖ សន រដ្ឋា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024