ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ពលរដ្ឋរងគ្រោះទឹកជំនន់ ជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលអំណោយជាស្បៀងអាហារនិងស្រូវពូជរបស់សម្តេចតេជោ ហ៊ុន សែន

១២ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួនជាង ១ម៉ឺនគ្រួសារ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាគ្រឿងបរិភោគ បរិភោគ និងស្រូវពូជរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ តំណាងអោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចុះចែកអំណោយ និងស្រូវពូជនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចែកស្បៀង និងស្រូវពូជជូនដល់ពលរដ្ឋរងគ្រោះអោយទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។ 

 


តំណាងអោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះចែកអំណោយនិងស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួនជាង ១ម៉ឺនគ្រួសារ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការចែកស្បៀង និងស្រូវពូជអោយទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ របស់រាជរដ្ឋាភិបាល ដោយមិនអាចពន្យារពេលបាននោះឡើយ។

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងបានបញ្ជាអោយអាជ្ញាធរគ្រប់ផ្នែក និងកងកម្លាំងទាំងអស់ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងចលនាមនុស្សធម៌ ទាំងក្នុងដំណាក់កាលសង្គ្រោះ និងការស្តារឡើងវិញ ទោះបីជាតិច ឬច្រើន អ្វីដែលសំខាន់ គឺ អាចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាអាទិភាពចម្បងបំផុតពេលគ្រោះទឹកជំនន់ និងគ្រប់គ្រោះមហន្តរាយទាំងអស់ គឺអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង។

 


ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អោយបន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ពីជំងឺកូវីដ-១៩ ហើយការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការរួមគ្នា ដើម្បីយកឈ្នះលើវិបត្តិកូវីដ-១៩នេះ។

 


គួរបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកមង្គលបូរីនេះគឺក្នុង១គ្រួសារ ត្រូវទទួលបានស្រូវពូជសែនក្រអូប១០០គីឡូក្រាម ស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកា៥ម៉ឺនរៀល។ 


ដោយឡែក នៅថ្ងៃទី១១ វិច្ឆិកានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បន្តសំណេះសំណាលសាកសួរសុខទុក្ខ និងចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួនជាង២ពាន់គ្រួសារ នៅខេត្តក្រចេះផងដែរ៕

 

អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024