ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

តួ “Harry Potter” រំឭកអនុស្សាវរីយ៍ចម្លែកៗក្នុងការជួបជុំពិសេសសម្រាប់ខួប ២០ឆ្នាំ

២៨ ធ្នូ ២០២១ | កម្សាន្ដ


តួអង្គក្នុងភាពយន្ត Harry Potter (ហារី ផតធើ) បានធ្វើការជួបជុំគ្នា ក្នុងកម្មវិធីទូរទស្សន៍ពិសេសមួយឈ្មោះថា "Return to Hogwarts" (រីធើន ធូ ហ៊កវត) ដើម្បីជាការអបអរគម្រប់ខួបទី២០ឆ្នាំ នៃភាពយន្តវេទមន្តដ៏ល្បីល្បាញមួយនេះ។ កម្មវិធីពិសេសនេះនឹងចាក់ផ្សាយលើសេវាកម្ម HBO Max (អេចប៊ូអូ ម៉េកស៍) នាថ្ងៃទី១ ខែមករា។

 

 

បច្ចុប្បន្នមានវ័យ៣២ឆ្នាំ តែនៅពេលសម្ដែងជាតួអង្គ Harry Potter (ហារី ផតធើ) តារាសម្ដែង Daniel Radcliffe (ដានីញ៉ែល រ៉េដខ្លីហ្វ) ទើបតែមានវ័យ១១ឆ្នាំប៉ុណ្ណោះ ហើយក្នុងការជួបជុំដ៏ពិសេសនេះរូបគេបាននិយាយថាជីវិតទាំងមូលរបស់ខ្លួនគឺបានផ្សារភ្ជាប់ទៅនឹង Harry Potter  និងស្ទូឌីយោថតរឿង  Harry Potter ដោយស្នាមថើបដំបូង និងមិត្តស្រីដំបូងរបស់ខ្លួនគឺសុទ្ធតែបានកើតមាននៅកន្លែងនេះ។ 

 

 

បន្ថែមពីនេះ Daniel Radcliffe (ដានីញ៉ែល រ៉េដខ្លីហ្វ) ក៏បានរំលឹកដល់ពេលដែលរូបគេ និងដៃគូសម្ដែងម្នាក់ទៀតឈ្មោះ Rupert Grint (រូផើត ហ្គ្រីន) មិនចូលចិត្តនៅពេលដែលក្រុមការងារប្រាប់ឲ្យពួកគេទុកសក់ឲ្យវែងសម្រាប់ការថតវគ្គតៗគ្នាជាច្រើន។ 

 

 

ការជួបជុំគ្នានេះមានការចូលរួមដោយ Daniel Radcliffe (ដានីញ៉ែល រ៉េដខ្លីហ្វ), Rupert Grint (រូផើត ហ្គ្រីន), តារាស្រី Emma Watson (អេមម៉ា វ័តស៊ុន), អ្នកផលិតកុន Columbus Harry (ខូឡុំប៊ឺស ហារី), តារាសម្ដែង Robbie Coltrane (រ៉ុបប៊ី ខុលត្រេន) រួមជាមួយតួអង្គជាច្រើនទៀត។ យ៉ាងណាក្ដីអ្នកស្រី J.K. Rowling (ជេខេ រ៉ូលលីង) ដែលជាអ្នកនិពន្ធរឿងមិនបានបង្ហាញមុខក្នុងការជួបជុំនេះឡើយ។

 

 

ភាពយន្ត Harry Potter (ហារី ផតធើ) វគ្គដំបូងបានចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០០១ ដែលក្រោយមកភាពយន្តវគ្គបន្តពីវគ្គដំបូងបានចេញផ្សាយជាបន្តបន្ទាប់មានសរុបចំនួន៨វគ្គ អាចស្វែងរកចំណូលសរុបបាន ៧,៨ពាន់លានដុល្លារពីជុំវិញពិភពលោក៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025