ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ មានអាយុ ៤៤ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី តាំងពីឆ្នាំ២០១៨។
ឯកឧត្តម កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេលដែលសម័យខ្មែរក្រហមគ្រប់គ្រង។ ឯកឧត្តម បានរៀបការជាមួយលោកជំទាវ ពេជ្រ ច័ន្ទមុនី និងមានកូនស្រី២នាក់ និងកូនប្រុសម្នាក់។
ក្នុងការសិក្សា កាលនៅថ្នាក់វិទ្យាល័យ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូរទាំងប្រទេសផ្នែកគណិតវិទ្យា។ ឯកឧត្តម ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។
ក្នុងសំបុត្រសម្ងាត់មួយដែលសម្តេចតេជោ ទម្លាញឲ្យដឹងលើបណ្តាញសង្គមនាពេលថ្មីៗនេះ ឲ្យដឹងថា ក្នុងសំបុត្រសម្ងាត់ នៅឆ្នាំ១៩៩៤កូនប្រុសសម្តេច គឺឯកឧត្តម ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់ មួយច្បាប់មកសម្តេច ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ ជាមួយនឹងការប្តេជ្ញា រៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។
លិខិតដែលបានកន្លងហួសជិត ២៨ឆ្នាំមកហើយនោះ គឺឯកឧត្តម ហ៊ុន ម៉ាណែត បានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅ សកលវិទ្យាល័យញ៉ូវយ៉ក។ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិត នៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ។
នេះជាប្រវត្តិការសិក្សាសង្ខេបរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដោយមិនទាន់លើកយកពីប្រវត្តិការងាររបស់ឯកឧត្តម ដែលបានបំពេញកិច្ចការងារជាច្រើន ដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជា និងនៅលើឆាកអន្តរជាតិ។ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ និងត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០។
ក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង ឯឧ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ