ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥

ខេត្តកំពង់ធំ នឹងបង្កើតសួនកសិ-ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញនៅឆ្នាំ២០២៦

១១ តុលា ២០២៥ | សេដ្ឋកិច្ច

 

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំនៅឆ្នាំ២០២៦ ដើម្បីជំរុញកម្ពុជាក្លាយជាប្រទេសកសិ-ឧហ្សាហកម្ម និងកសិ-ពាណិជ្ជកម្មឈានមុខ ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានការអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ខេត្តកំពង់ធំ បានក្លាយជាតំបន់ដាំដុះស្វាយចន្ទីធំជាងគេបំផុតរបស់កម្ពុជា ដោយមានផ្ទៃដីដាំដុះជាង ១៤ម៉ឺន៧ពាន់ ហិកតា និងជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផលិតស្វាយចន្ទី។ បច្ចុប្បន្ន ខេត្តនេះកំពុងត្រូវបានអភិវឌ្ឍទៅជាតំបន់សួនឧស្សាហកម្មកសិកម្មស្វាយចន្ទី ដើម្បីជំរុញការកែច្នៃបង្កើតការងារ និងពង្រឹងកម្ពុជាជាប្រទេសនាំចេញស្វាយចន្ទីលំដាប់ពិភពលោក។ទាក់ទងនឹងរឿងនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានលើកឡើងថា ខេត្តកំពង់ធំ គ្រោងនឹងបង្កើតមជ្ឈមណ្ឌលគ្រាប់ស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ដល់ប្រទេសទួរគី មជ្ឈិមបូព៌ា និងទីផ្សារសហភាពអឺរ៉ុប។

 

 

លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងសមាគមស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី និងអ្នកវិនិយោគអន្តរជាតិ គឺដើម្បីលើកកម្ពស់វិស័យគ្រាប់ស្វាយចន្ទី ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ប្រធានសមាគមរូបនេះ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ ដើម្បីជំរុញកម្ពុជាក្លាយជាប្រទេសកសិ-ឧហ្សាហកម្ម និងកសិ-ពាណិជ្ជកម្មឈានមុខ ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានការអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ លោក អួន ស៊ីឡុត មានសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារធំៗ ដោយសារបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីពីរលើពិភពលោក។ ហើយប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីមួយលើពិភពលោក គឺប្រទេសកូតឌីវ័រ ខណៈកម្ពុជាបានវ៉ាដាច់ប្រទេសឥណ្ឌាជាប្រទេសធំទីពីរ។

 

 

រីឯ ទិន្នផលគ្រាប់ស្វាយចន្ទីឆៅ ដែលខេត្តកំពង់ធំប្រមូលបានជារៀងរាល់ឆ្នាំមានចំនួន ២២ម៉ឺនតោន ស្មើនឹង ៣០% នៃទិន្នផលដែលប្រមូលបាននៅទូទាំងប្រទេស ជាមួយនឹងការវិនិយោគកាន់តែច្រើនលើរោងចក្រកែច្នៃក្នុងស្រុក កម្ពុជាអាចបង្កើនប្រាក់ចំណូលពីការនាំចេញស្វាយចន្ទីរបស់ខ្លួនរហូតដល់ ១២០% ហើយចំនួននេះនឹងកើនឡើងបន្ថែមទៀត នៅពេលគម្រោងអភិវឌ្ឍតំបន់សួនឧស្សាហកម្មកសិកម្មស្វាយចន្ទីបើកដំណើរការ ខណៈសួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី និងការប្រមូលផ្ដុំនៅទីនោះ ដើម្បីជួយកសិករនៅខេត្តកំពង់ធំ និងខេត្តមួយចំនួនទៀត ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តសៀមរាប។
បើតាមប្រធានសមាគម នៅឆ្នាំ២០២៥នេះ ស្វាយចន្ទីស្ងួត អាចលក់បានចន្លោះ ៧-៨ពាន់រៀលក្នុង១គីឡូ ទៅតាមកំរិតគុណភាពគ្រាប់។ ដោយឡែក ចំពោះការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទាំងគ្រាប់ឆៅទៅកាន់ទីផ្សារក្រៅប្រទេសក្នុងរយៈពេល ៩ខែនេះ មានចំនួន ៩៦ម៉ឺន៤ពាន់តោន ដែលអាចរកចំណូលបានប៉ាន់ប្រមាណ ១ពាន់៤រយលានដុល្លារ ដែលជាទិន្នន័យក្រៅផ្លូវការ។

 


កម្ពុជា កំពុងប្រែក្លាយខ្លួនទៅជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេលើពិភពលោក។ ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវលក់គ្រាប់ស្វាយចន្ទីស្រស់ប្រមាណ ៨០ម៉ឺនតោន ទៅប្រទេសវៀតណាម ដើម្បីកែច្នៃបន្ត។ នៅដើមឆ្នាំ២០២៥នេះ កម្ពុជា មានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥២កន្លែង ក្នុងនោះ រោងចក្រធុនមធ្យម ៨កន្លែង ដែលមានសមត្ថភាពផលិតបាន ៥ម៉ឺនតោន ហើយ កម្ពុជាត្រូវការរោងចក្រកែច្នៃខ្នាតមធ្យមយ៉ាងតិច ៣៥កន្លែង ដើម្បីពង្រីកលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅឲ្យបាន ១៧ម៉ឺនតោន ក្នុងមួយឆ្នាំ។

 

 

ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្ថែមថា លោក ចង់ឲ្យតំបន់សួនឧស្សាហកម្មស្វាយចន្ទី មានលក្ខណៈដូចតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានទទួលការឧបត្ថម្ភធនលើផ្នែកបច្ចេកទេស និងការលើកលែងពន្ធមួយចំនួន ដូចជា ពន្ធនៃការនាំចេញត្រូវបានលើកលែង ប៉ុន្តែផ្ដោតតែលើកសិ-ឧស្សាហកម្មប៉ុណ្ណោះ។ បើតាមប្រធានសមាគមស្វាយចន្ទី បានឲ្យដឹងថា មានក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងសិង្ហបុរី នៅតែបង្ហាញការចង់ចូលមកវិនិយោគទៅលើវិស័យស្វាយចន្ទីនៅកម្ពុជា ទាំងរោងចក្រកែច្នៃគ្រាប់សម្រាប់លក់ រោងចក្រកៀបប្រេងសម្រាប់លក់ និងរោងចក្រសំណល់ចុងក្រោយយកទៅធ្វើជី។
ប្រធានសមាគមស្វាយចន្ទី លើកទឹកចិត្តដល់អ្នកផលិត និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យទាញយកអត្ថប្រយោជន៍ពីធនធាន និងយន្តការដែលរាជរដ្ឋាភិបាលផ្តល់ជូន រួមទាំងលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា និងសហគ្រិនខ្មែរ ជាដើម ដើម្បីជំរុញកំណើននៃការផលិត ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ក៏ដូចជាវិស័យកសិឧស្សាហកម្មជារួម។

 

 

គួររំលឹកថា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់គោលការណ៍ដល់អាជ្ញាធរខេត្តកំពង់ធំ បង្កើតសួនឧស្សាហកម្មស្វាយចន្ទី។ សម្តេចមហាបវរធិបតី បានអះអាងថា សួនឧស្សាហកម្មស្វាយចន្ទី មិនត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបម្រើជាតំបន់កសិ-ឧស្សាហកម្ម ដែលអាចធ្វើបដិវត្តន៍ទិដ្ឋភាពសេដ្ឋកិច្ចខេត្តកំពង់ធំផងដែរ។ នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ម៉ឺនតោន ក្នុងនោះ នាំចេញគ្រាប់ឆៅបានចំនួន ៨១ម៉ឺន ៥ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១១៥០ ពាន់លានដុល្លារ កើន ២៦% និងនាំចេញទៅវៀតណាម មានចំនួន ៧៩ម៉ឺន ៥ពាន់តោន។គួរជម្រាបថា បើតាមក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦០ម៉ឺនតោន កើនឡើង ៥៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤៕
 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025