ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥

ជប៉ុន ផ្តល់ជំនួយជិត ៣០០លានដុល្លារ សម្រាប់អនុវត្តគម្រោងទឹកស្អាត និងគម្រោងអគ្គិសនីនៅកម្ពុជា

០៩ តុលា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានប្រមាណជិត ៣០០លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងចំនួនពីរ គឺគម្រោងទឹកស្អាត និងគម្រោងអគ្គិសនីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 

 

 

ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់គម្រោងចំនួន២ នៅកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ដោយ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងធំៗចំនួន២ នៅកម្ពុជា។

 


ក្នុងនោះ ចំពោះលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធដែលនឹងចុះហត្ថលេខាមានគម្រោង ២នោះ រួមមាន៖ ១. ទឹកប្រាក់ចំនួន ១៤៣លានដុល្លារ សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងទី២.ទឹកប្រាក់ចំនួន ១៥២លានដុល្លារ សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៣។ លើសពីនេះ ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

 


ជាមួយគ្នានេះ កម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលចូលមកដល់ឆ្នាំ ២០២៥ នេះ ទំនាក់ទំនងប្រទេសទាំងពីរ បានឈានដល់វ័យ ៧២ឆ្នាំ។ ដោយទំនាក់ទំនងរវាងប្រទេសទាំងពីររីកលូតលាស់ឥតឈប់ឈរ និងគ្មានភាគីណាមួយបំបែកបានឡើយ ទាំងទំនាក់ទំនងផ្នែកការទូត យោធា និងពាណិជ្ជកម្ម។ តាមរយៈចំណងមិត្តភាពជិតស្និទ្ធ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ពោលគឺជប៉ុន បានផ្ដល់ជំនួយជាច្រើនលើការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ស្ពាន ថ្នល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ វិស័យការពារជាតិ ជំនួយលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយជាច្រើនផ្សេងទៀត។

 


សូមជម្រាបថា ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការ ដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025