ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥

ជប៉ុន ផ្តល់ថវិកាជាង ១៨ម៉ឺនដុល្លារ សម្រាប់លទ្ធកម្មរថយន្តអគ្គិភ័យ និងបរិក្ខារពេទ្យ

១០ តុលា ២០២៥ | ព័ត៌មានជាតិ

 

 

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ១៨៣ ៥៨៨ ដុល្លារអាម៉េរិក ដល់ស្ថាប័នចំនួន ២ នៅកម្ពុជា ក្រោមគ្រោងជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ ជំនួយនេះ ត្រូវបានចុះហត្ថលេខា ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោងចំនួន ២ សម្រាប់លទ្ធកម្មរថយន្តអគ្គិភ័យ និងបរិក្ខារពេទ្យ។

 


គម្រោងទី១ គឺធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ នូវថវិកាចំនួន ១២០ ៣០៨ ដុល្លារអាម៉េរិក ហើយស្ថាប័នទទួលជំនួយនេះគឺ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។គម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លើយតបបន្ទាន់នៅតំបន់ទីប្រជុំជន ក្នុងប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍឆាប់រហ័ស ប៉ុន្តែក៏បាននាំមកនូវឧប្បត្តិហេតុអគ្គិភ័យជាញឹកញាប់ ដោយសារកត្តាអគារពុំមានសុវត្ថិភាព និងបណ្តាញខ្សែភ្លើងដ៏ស្មុគស្មាញជាដើម។

 

 

ទោះបីជាមានបុគ្គលិកសុខាភិបាលនៅស្ថានីយពន្លត់អគ្គិភ័យ ប៉ុន្តែការខ្វះខាតនូវរថយន្តសង្គ្រោះបន្ទាន់ បានពន្យារកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត ដែលពេលខ្លះអាចបណ្តាលឱ្យមានអ្នកស្លាប់។ ដើម្បីដោះស្រាយបញ្ហានេះ រថយន្តសង្គ្រោះបន្ទាន់ចំនួន៤ គ្រឿង នឹងត្រូវបានផ្តល់ដល់ស្ថានីយពន្លត់អគ្គិភ័យ ដែលក្នុងនោះមានរាជធានីភ្នំពេញ ២គ្រឿង ខេត្តកណ្តាល ១ គ្រឿង និងខេត្តព្រះសីហនុ ១គ្រឿង ដើម្បីជួយសម្រួលដល់ការសង្គ្រោះបន្ទាន់ និងការថែទាំឱ្យបានលឿន ក្នុងករណីមានអគ្គិភ័យ។

 

 

គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណជ ៤,១៤ លាននាក់ ជាមួយការលើកកម្ពស់នូវប្រតិបត្តិការជួយសង្គ្រោះផ្នែកអគ្គិភ័យ និង បង្កើនសុវត្ថិភាពសាធារណៈ។រីឯគម្រោងទី២ គឺបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគិរី នូវថវិកា ៦៣ ២៨០ ដុល្លារអាម៉េរិក ហើយស្ថាប័នទទួលជំនួយនេះគឺមន្ទីរពេទ្យបង្អែកបរកែវ។

 


ជំនួយនេះ នឹងត្រូវប្រើប្រាស់ ដើម្បីបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មី នៅមន្ទីរពេទ្យបង្អែកបរកែវ។ ចាប់តាំងពីម៉ាស៊ីនថតកាំរស្មីអ៊ិច បានខូចក្នុងឆ្នាំ២០២១ មកអ្នកជំងឺដែលត្រូវការថតរូបភាពកាំរស្មីអ៊ិច ត្រូវធ្វើដំណើរចម្ងាយ ៣០គីឡូម៉ែត្រ ទៅកាន់មន្ទីរពេទ្យខេត្ត ដោយចំណាយទាំងថ្លៃធ្វើដំណើរខ្ពស់ និងពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យ។ ការដាច់ភ្លើងញឹកញាប់ ជាពិសេសក្នុងរដូវវស្សា កាន់តែរាំងស្ទះដល់ការព្យាបាល។ ដោយសារអគារព្យាបាលជំងឺទូទៅខ្វះម៉ាស៊ីនភ្លើង គ្រូពេទ្យត្រូវប្រើប្រាស់ពិល ដើម្បីធ្វើការងារ។

 

 

មន្ទីរពេទ្យក៏ខ្វះម៉ាស៊ីនចាប់ចង្វាក់បេះដូងផងដែរ ដែលចាំបាច់ក្នុងការរកឱ្យឃើញ នូវសញ្ញាដំបូង នៃជំងឺបេះដូង។ តាមរយៈការបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មី មន្ទីរពេទ្យនឹងអាចផ្តល់ការធ្វើរោគវិនិច្ឆ័យបានលឿន និងត្រឹមត្រូវជាងមុន ដែលនឹងអាចលើកកម្ពស់ការថែទាំអ្នកជំងឺ ប្រមាណជា ៩ ៥០០នាក់ ជារៀងរាល់ឆ្នាំ និងកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុលើសហគមន៍ជនបទ។

 


គួរជម្រាបជូនថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន ជាពិសេសតាមរយៈ គម្រោងគូសាណូណិ បានផ្តល់ថវិកា ជាង ៧២ លាន ដុល្លារអាម៉េរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានានៅកម្ពុជា ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៧០៦ គម្រោង នៅទូទាំងប្រទេសកម្ពុជា ហើយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន៕

 

 

អត្ថបទ៖ ខឿន សាឃាង, រូបភាព៖ សែត ប៊ុនថាន់

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025