ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥

ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះពិនិត្យជាក់ស្តែងនៅច្រកជាំ ខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពព្រំដែនកម្ពុជា និងថៃ

០៩ តុលា ២០២៥ | ព័ត៌មានជាតិ

 


ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៨ តុលានេះ បានចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកជាំ ខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។ 

 

 


គួររម្លឹកថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ គឺធ្វើឡើងស្របតាមស្មារតីនៃលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី កន្លងទៅ។

 

 


ពាក់ព័ន្ធនឹងការវិវត្តន៍ថ្មីនៃបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ នេះ កាលពីថ្ងៃទី៧ ខែតុលា មិ្សលមិញ យោធភូមិភាគទី៤ កម្ពុជា ក៏បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ថៃ ឲ្យមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលានៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីលិខិតអញ្ជើញលើកទីមួយ បានផ្ញើកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

 


បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។ 

 


ការអញ្ជើញភាគីថៃចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕
 

 

 


អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ក្រសួងការពារជាតិ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025