ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥

កម្ពុជា ទន្ទឹងរង់ចាំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមរយៈយន្តការកិច្ចប្រជុំ JBC

០៩ តុលា ២០២៥ | ព័ត៌មានជាតិ

 


តាមរយៈFacebook នៅថ្ងៃទី០៨ តុលានេះ  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាសង្ឃឹមនឹងមានកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)  ក្នុងពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ បន្ទាប់ពីខកខានចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំប្រទេសថៃរៀបចំសមាសភាពថ្មី។ 

 


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត  បានបន្ថែមថា កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា និង  រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ។

 


ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះព្រំដែន (JBC) ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន (JBC)។ 

 

 

គួរបញ្ជាក់ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ហៅកាត់ថា JBC បានធ្វើឡើងចុងក្រាយ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងភាគីថៃ ដឹកនាំដោយឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។

 


ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅចំពោះមុខភាគីថៃ កម្ពុជា នៅតែប្រកាន់ជំហរនិងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។ 

 


រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។

 


កម្ពុជា ក៏បានបដិសេធយ៉ាង ដាច់ខាត មិនទទួលស្គាល់ផែនទីដែលភា គីថៃបាន គូសជាឯកតោភាគីហើយយកមក ប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត៕
 

 

 

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025