ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥
ក្នុងលិខិត ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់អភិបាលខេត្តស្រះកែវ ឱ្យអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជា-ថៃ។ក្នុងលិខិត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនអភិបាលខេត្តស្រះកែវថា ទីតាំង ដែលរដ្ឋបាលខេត្តស្រះកែវ បានតវ៉ា គឺស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទីតាំងខាងលើនេះ ប្រជាពលរដ្ឋកម្ពុជា បានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០។
ក្នុងន័យនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ជូនថា ជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះ ក្នុងពេលមានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។ ម៉្យាងវិញទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ឡើងវិញថា សកម្មភាពប្រជាពលរដ្ឋខ្មែរ ប្រមូលផ្តុំ នៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ ពួកគាត់តែប៉ុណ្ណោះ។
បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា ប្រជាពលរដ្ឋ ដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និងដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំង ខាងលើ។ បញ្ហានេះ បានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយ ដែលភាគីទាំងពីរ បានឯកភាពគ្នាកន្លងមក។
ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ជាថ្មីថា រដ្ឋបាលខេត្តយើងទាំងពីរ មិនមានសមត្ថកិច្ចកំណត់ព្រំដែន ក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាម MOU ឆ្នាំ ២០០០, កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាង បានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែន ត្រូវបានបញ្ចប់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានប្រកាស ប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាង ប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំJBC។ ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់JBC រដ្ឋបាលខេត្តយើងទាំងពីរ បន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាព ដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។
អាស្រ័យហេតុនេះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនអភិបាលខេត្តស្រះកែវរបស់ថៃ មេត្តាជ្រាប និងសូមអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន ហើយនៅក្នុងអំឡុងពេលរង់ចាំនេះ សូមឯកឧត្តមអភិបាលខេត្ត មេត្តាចូលរួមសហការ ក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕
អត្ថបទ និងរូបភាព៖ PNN