ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥
ក្នុងលិខិតផ្ញើទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០៩ ខែតុលានេះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើសុំអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ ដែលមានអាណត្តិក្នុងការលើកកកម្ពស់និងពិនិត្យតាមដានសិទ្ធិមនុស្សក្នុងការទទួលបានលំនៅឋានសមរម្យ ទំនាក់ទំនងជា បន្ទាន់ជាមួយនឹងរាជរដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជន កម្ពុជាដែលបានរងផលប៉ះពាល់ បង្ការការរំលោភបំពានណាមួយផ្សេងទៀត និងសម្របសម្រួលឲ្យមានវិធានការដោះ ស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ក្នុងលិខិត ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់សាជាថ្មីថា ចំពោះញត្តិបន្ទាន់ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងសកម្មភាពរបស់កងទ័ពថៃរំលោភបំពានទឹកដីកម្ពុជា ដោយបានរាយបន្លាលួស រារាំងមិនឱ្យប្រជាជនកម្ពុជាចូលទៅកាន់ផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់បាន និងបានគំរាមកំហែងដល់សិទ្ធិនិងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅតាមបណ្តោយព្រំដែន។
ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងគោលការណ៍ព្រមព្រៀងទាំង១៣ ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ ក៏ដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយបានទទួលរបាយការណ៍គួរឱ្យទុកចិត្តបានថា កងទ័ព ថៃ មានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីបណ្តេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការ ដែលស្ថិតក្នុងដែនដីកម្ពុជា។ ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញដោយបង្ខំរួចហើយ និងអ្នកដែល កំពុងរងការគំរាមកំហែងពីការបណ្តេញចេញដោយបង្ខំ កំពុងទទួលរងនូវការឈឺចាប់ និងទុក្ខលំបាកជាទម្ងន់។
គ្រួសារទាំងនោះបានរស់នៅលើទីតាំងនេះជាច្រើនជំនាន់មកហើយ ដោយមិនត្រឹមតែបានកសាងជាផ្ទះសម្បែងប៉ុណ្ណោះ ប៉ុន្តែជាសហគមន៍ ជាកន្លែងប្រកបរបរចិញ្ចឹមជីវិត ហើយអត្តសញ្ញាណវប្បធម៌ ក៏បានចាក់ឫសគល់យ៉ាងជ្រៅនៅកន្លែង នោះ។ ការបាត់បង់ ផ្ទះសម្បែង គឺបានន័យថា បាត់បង់ទីជម្រក សុវត្ថិភាព សន្តិសុខ និងការទទួលបានសេវាជាមូលដ្ឋាន ផ្សេងៗ ដែលជាមូលហេតុបង្កឱ្យមានភាពគ្មានផ្ទះសម្បែងជ្រកកោន ភាពក្រីក្រ និងអស្ថិរភាពសង្គម។
កុមារត្រូវបង្ខំឱ្យ បោះបង់ចោលការសិក្សា មនុស្សចាស់ត្រូវប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ស្ត្រីនិងក្រុមជនងាយរងគ្រោះដទៃ ទៀត ត្រូវស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំង។ ផលប៉ះពាល់ផ្នែកផ្លូវចិត្តដោយសារការរស់នៅក្រោមភាពមិនប្រាកដប្រជា ការគំរាមកំហែង និងការភ័យខ្លាចពីការបាត់បង់ផ្ទះសម្បែងរបស់ខ្លួន បានធ្វើឱ្យទុក្ខលំបាកពួកគាត់ កាន់តែធ្ងន់ធ្ងរឡើងៗ។
ទន្ទឹមគ្នានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បង្ហាញក្តីខកចិត្តយ៉ាងខ្លាំង ដែលអ្នករាយការណ៍ពិសេសមិនបានឆ្លើយតបនឹងញត្តិបន្ទាន់ ហើយចាត់ទុកការបន្តភាពស្ងៀមស្ងាត់បែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងប្រសិទ្ធភាពនៃយន្តការនីតិវិធីពិសេស។ នៅពេលសហគមន៍ត្រូវប្រឈមមុខនឹងការបណ្តេញ ចេញដោយបង្ខំ ការចូលរួមរបស់អ្នកទទួលបានអាណត្តិនៃនីតិវិធីពិសេសនេះ ក្នុងការតស៊ូមតិជាសាធារណៈទាន់ពេលវេលា ពិតជាមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការខូចខាតដែលមិនអាចស្តារឡើងវិញបាន។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហការបែបស្ថាបនាជាមួយរាល់យន្តការសិទ្ធិ មនុស្សទាំងអស់របស់អង្គការសហប្រជាជាតិ។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសារៈសំខាន់នៃសកម្មភាពដែលមាន លក្ខណៈសកម្ម និងឆ្លើយតប របស់អ្នកទទួលបានអាណត្តិនេះ ជាពិសេសអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ ក្នុងការដោះស្រាយបញ្ហាសិទ្ធិមូលដ្ឋានរបស់សហគមន៍ដែលងាយរងគ្រោះ។ សុចរិតភាពនៃប្រព័ន្ធ សិទ្ធិមនុស្ស គឺអាស្រ័យលើការផ្តល់នូវកិច្ចអន្តរាគមន៍ភ្លាមៗ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ជំរុញឲ្យអ្នករាយការណ៍ពិសេសដោះស្រាយបញ្ហានេះជាបន្ទាន់ និងគាំទ្រ ដល់សំណើរបស់កម្ពុជា ដែលស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ ហើយមានក្តីរំពឹងលើការចូលរួមរបស់អ្នករាយការណ៍ពិសេស ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌ អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ