ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥

ធនាគារពិភពលោក ព្យាករកំណើនសេដ្ឋកិច្ចចិន ៤,៨% ក្នុងឆ្នាំ ២០២៥

១០ តុលា ២០២៥ | សេដ្ឋកិច្ច

 

ធនាគារពិភពលោក បានតម្លើងការព្យាករសេដ្ឋកិច្ចរបស់ប្រទេសចិន មកដល់ ៤,៨% នៅឆ្នាំ ២០២៥ កើនឡើងពី ៤,៥% ដែលបានព្យាករកាលពីខែមិថុនា។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

 

នៅក្នុងការព្យាករសេដ្ឋកិច្ចចិនចុងក្រោយបំផុតរបស់ ធនាគារពិភពលោក បានបង្ហាញថា ការព្យាករណ៍ត្រូវបានកែសម្រួលឡើងដល់ ៤,៨% សម្រាប់ឆ្នាំ ២០២៥ និងដល់ ៤,២% នៅឆ្នាំ ២០២៦ខាងមុខ ដោយសារការរំពឹងទុកថា នឹងមានការធ្លាក់ចុះនៃកំណើនការនាំចេញ និងការកាត់បន្ថយការចំណាយសារពើពន្ធ និងការកើនឡើងនៃបំណុលសាធារណៈ។

 


អ្នកវិភាគរបស់ធនាគារពិភពលោក ក៏បានប៉ាន់ប្រមាណថា ប្រទេសចិន នឹងដាក់ចេញនូវគោលនយោបាយជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីគាំទ្រដល់គោលដៅកំណើនប្រចាំឆ្នាំរបស់ខ្លួន។

 


របាយការណ៍ ក៏បានបញ្ជាក់ដែរថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងកើនឡើង ៤,៤% នៅឆ្នាំ ២០២៥ និង ៤,៥% នៅឆ្នាំ ២០២៦ ទោះបីជាមាន របាំងពាណិជ្ជកម្មកាន់តែខ្ពស់ ភាពមិនប្រាកដប្រជានៃគោលនយោបាយសេដ្ឋកិច្ចពិភពលោក និងកំណើនពិភពលោកយឺត ក៏ដូចជាការកើនឡើងនូវភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងគោលនយោបាយក្នុងស្រុករបស់បណ្តាប្រទេសជាច្រើនក្តី។

 

 

 

ទន្ទឹមគ្នានេះ វៀតណាមត្រូវបានគេរំពឹងថា នឹងនាំមុខជាមួយនឹងកំណើន ៦,៦% តាមពីក្រោយដោយម៉ុងហ្គោលី ៥,៩% នៅឆ្នាំ ២០២៥។ជាចុងក្រោយ ធនាគារពិភពលោក ក៏បានព្រមានពីការធ្លាក់ចុះនៃ សន្ទុះសេដ្ឋកិច្ចពិភពលោក ដោយសារតែទំនុកចិត្តអ្នកប្រើប្រាស់ និងអាជីវកម្ម ធ្លាក់ចុះទាប និងរបាំងពាណិជ្ជកម្មកាន់តែខ្ពស់ ដែលបង្កឡើងមួយផ្នែកធំដោយគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025