ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ

១០ តុលា ២០២៥ | សេដ្ឋកិច្ច

 

នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។នៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់អំពី ខ្លឹមសារសង្ខេបសំខាន់ៗនៃ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលជាផែនទីបង្ហាញផ្លូវដល់ គ្រប់តួអង្គអភិវឌ្ឍទាំងអស់ និងជាឧបករណ៍សម្រាប់អនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ និងវិធានការគន្លឹះទាំង ៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បន្តបង្កើតការងារ បែងចែកផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ ធានានូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

 


នាឱកាសនោះ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គឺជាវេទិកាសម្រាប់លើកកម្ពស់ និងបញ្ជាក់បន្ថែមអំពី សារៈសំខាន់នៃការអនុវត្ត និងការទទួលខុសត្រូវរួមគ្នា ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីធានានូវការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយប្រសិទ្ធភាព។

 


ឯកឧត្ដម វង្សី វិស្សុត ក៏បានគូសរំលេចថា បច្ចុប្បន្ននេះ កម្ពុជា កំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់និងសកល, បញ្ហាភូមិសាស្រ្តនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ក៏ដូចជា ការចាប់ផ្តើមងាកមកឯកតោភាគីនិយមរបស់បណ្តាប្រទេសមួយចំនួន ដោយក្នុងនោះមានដៃគូពាណិជ្ជកម្មរបស់កម្ពុជាខ្លះផង។

 

 

ការណ៍នេះ ទាមទារការដាក់ចេញនូវ វិធានការគន្លឹះតាមវិស័យសំខាន់ៗ ដើម្បីដោះស្រាយកត្តាទាំងនេះ សំដៅធានាថា កម្ពុជា នឹងបន្តឈរលើមាគ៌ាអភិវឌ្ឍន៍យ៉ាងរឹងមាំ និងធានាបាននូវកំណើនប្រកបដោយចីរភាព សម្រាប់ជាតិ និងសង្គម នៅក្នុងបរិការណ៍មិនប្រាកដប្រជា ជាច្រើនសណ្ឋាន នាពេលនេះ។ ទោះជា កម្ពុជា ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្ដី រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជា បានបន្តប្ដេជ្ញាចិត្តឥតងាករេ ក្នុងការធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

 

 

សូមជម្រាបជូនថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើង នៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីដាក់ចេញនូវវិធានការសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយតម្រឹមតម្រង់ជាមួយនឹង គោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍជាតិ និងធានានូវ បាវចនាទាំង ៥ របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ កំណើន ការងារ សមភាព ប្រសិទ្ធិភាព និងចីរភាព ព្រមទាំងការដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃ សំដៅធានា ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយជោគជ័យ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025